Event

យុទ្ធនាការ «ពិភពលោករួមគ្នា» របស់ក្រុមហ៊ុនហ៊ិននីគែន នាំមកនូវការប្រមូលផ្តុំសហគមន៍ និងការដាំដើមឈើទៅតំបន់អេកូទេសចរណ៍ និងតំបន់អភិរក្សតាមសហគមន៍នៅខេត្តក្រចេះ

ភ្នំពេញ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ – នាពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅសហគមន៍ខេត្តក្រចេះបានជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន មន្រ្តីក្រសួងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា បុគ្គលិកក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងអ្នកជំនាញអភិរក្សបរិស្ថានមកពីអង្គការមូលនិធិសត្វព្រៃពិភពលោក ប្រចាំប្រទសកម្ពុជា ។ សកម្មភាពនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ រួមមានការដាំដើមឈើនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ការចម្អិននិងហូបអាហាររួមគ្នា និងការផ្លាស់ប្តូរការសិក្សាអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ ។

ការដាំដើមឈើរួមគ្នានៅទីនោះ គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះនៅដែនជម្រកសត្វព្រៃសំបូរ ហើយតំបន់នេះ គឺជាតំបន់ការពារដែលសម្បូរទៅដោយជីវចម្រុះដែលផ្តល់ប្រភពចំណូល និងធនធានធម្មជាតិដ៏សំខាន់សម្រាប់ប្រជាជនក្នុងតំបន់។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបរិច្ចាគដើមឈើសរុបចំនួន ២០២៣ ដើម ហើយក្នុងនោះមានដើមឈើគ្រញូងចំនួន ១២ ប្រភេទត្រូវបានរដ្ឋបាលព្រៃឈើខេត្តក្រចេះណែនាំឱ្យដាំសម្រាប់ការស្តារឡើងវិញនូវដីដែលខូចគុណភាព ដើម្បីការពារដែនជម្រកសត្វព្រៃការពារធម្មជាតិប្រឆាំងនឹងទឹកជំនន់ ការប្រែប្រួលអាកាសធាតុ លើកកម្ពស់គុណភាពទឹក និងគាំទ្រដល់ទេសចរណ៍ធម្មជាតិតាមសហគមន៍។

អ្នកចូលរួមពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងអង្គការមូលនិធិសត្វព្រៃពិភពលោកប្រចាំប្រទសកម្ពុជា ត្រូវបានសហគមន៍ស្វាគមន៍យ៉ាងកក់ក្តៅដោយមានការចម្អិនម្ហូប និងពិសារអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់រួមគ្នាដោយប្រើផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបរិស្ថានធម្មជាតិរបស់សហគមន៍។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍បានប្រាប់ពីរបៀបដែលពួកគេថែរក្សាភាពស្រស់ស្អាតនៃបរិស្ថានធម្មជាតិ ក៏ដូចជាក្តីសង្ឃឹម និងក្តីសុបិន្តរួមគ្នាក្នុងការបង្កើនបរិស្ថានអនាគតបៃតងក្នុងសហគមន៍ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាពរួមគ្នា និងតម្លៃសង្គម។

កម្មវិធីនៅក្នុងសហគមន៍សង្គមទាំងមូលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងភាពជាដៃគូដ៏រឹងមាំរួមគ្នាជាមួយសហគមន៍មូលដ្ឋាន និងអង្គការមូលនិធិសត្វព្រៃពិភពលោកប្រចាំប្រទសកម្ពុជា ដោយមានការចូលរួមធ្វើសកម្មភាពរួមគ្នា ដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធចូលររួមអភិវឌ្ឍសហគមន៍ទាំងអស់គ្នា។ គម្រោងនេះក៏ជាផ្នែកនៃយុទ្ធនាការ «ពិភពលោករួមគ្នា» ជាសកលរបស់ក្រុមហ៊ុន ហ៊ិននីគែន ដែលត្រូវបានអនុវត្តជាលក្ខណៈអន្តរជាតិនៅខែកញ្ញានេះ។ យុទ្ធនាការ «ពិភពលោករួមគ្នា» មានគោលបំណងធ្វើឱ្យបេសកម្មរបស់ក្រុមហ៊ុន ក្លាយជាការពិត នៅគឺ៖ បង្កើតនូវសេចក្តីសប្បាយរីករាយរួមគ្នាយ៉ាងពិតប្រាកដ ដើម្បីធ្វើអោយពិភពលោកឱ្យកាន់ក្លាយជាកន្លែងរស់នៅដ៏ល្អប្រសើរឡើង ធ្វើឱ្យ អ្នកគ្រប់គ្នាបានមកជុំគ្នា តាមរយៈការជួបជុំគ្នាក្នុងសហគមន៍ ជាមួយនឹងចំណីអាហារ និងស្រាបៀរ។

ក្នុងពិធីនេះ មានការចូលរួមពីសំណាក់ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ មកពីក្រសួងបរិស្ថាន លោក ឆាយ ដួងសាវុធ នាយកប្រចាំប្រទេសនៃអង្គការមូលនិធិសត្វព្រៃពិភពលោកប្រចាំប្រទសកម្ពុជា លោក សេង ទៀក និងលោកស្រី Anne de Graaf នាយិកាផ្នែកកិច្ចការសាជីវកម្ម ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ បន្ថែមពីនេះ តំណាងជាន់ខ្ពស់ក្នុងការចូលរួមមានអភិបាលរងស្រុកព្រែកប្រសព្វ លោក សេង ភីណា និងអភិបាលរងស្រុកអូរក្រៀងសែនជ័យ លោក ស្រេង ម៉េងហុង។

លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «ឱកាសនេះជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញពីភាពស្រស់ស្អាតនៃបរិស្ថានធម្មជាតិរបស់យើង និងស្មារតីសាមគ្គីចូលរួមអភិវឌ្ឍរបស់សហគមន៍របស់យើងទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផ្តល់ឱកាសដល់ពួកយើងបានធ្វើការរួមគ្នា និងរំលឹកយើងអំពីកិច្ចការទាំងនេះ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាននៅកម្រិតមូលដ្ឋាន។ គំនិតផ្តួចផ្តើមទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់គោលបំណងរួម និងការធ្វើការរួមគ្នាក្នុងចំណោមប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានដើម្បីការពារ និងធានាបាននូវសន្តិសុខស្បៀងអាហាររបស់គេឱ្យកាន់តែប្រសើរឡើង»។

លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការមូលនិធិសត្វព្រៃពិភពលោក ប្រចាំប្រទសកម្ពុជា បានមានប្រសាសន៍បន្ថែមថា៖ «ការធ្វើការរួមគ្នាក្នុងភាពជាដៃគូរវាងស្ថាប័នសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត មានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសការងារល្អប្រសើរសម្រាប់ការអភិរក្ស ដោយផ្តោតលើសុខុមាលភាពតែមួយសម្រាប់ធម្មជាតិ សត្វ និងមនុស្ស។ ខ្ញុំទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាង អង្គការមូលនិធិសត្វព្រៃពិភពលោក និង ក្រុមហ៊ុន ហ៊ិននីគែន លើការការពារធនធានធម្មជាតិ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី Anne de Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនរបស់យើងបានដំណើរការក្នុងប្រទេសកម្ពុជាអស់រយៈពេល ២៩ ឆ្នាំហើយចាប់តាំងពី ឆ្នាំ ១៩៩៤មកម្ល៉េះ ហើយយើងប្តេជ្ញានៅទីនេះជាច្រើនឆ្នាំបន្តទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានកំណើនប្រកបដោយចីរភាពនៅកម្ពុជា។ យើងរួមគ្នាថែរក្សា ការពារធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលជា ផ្ទះតែមួយគត់របស់យើង។ សកម្មភាពទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ព្រោះជួយជំរុញដល់សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយក៏កាន់តែល្អប្រសើរ។ សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងថាយើងបានយកចិត្តទុកដាក់ និងរៀនសូត្រពីសហគមន៍ និងមនុស្សជុំវិញខ្លួនយើង។ ដើម្បីឱ្យយើងទាំងអស់គ្នារីកចម្រើនបាន លុះត្រាតែបរិស្ថាន ឬធម្មជាតិជុំវិញយើងមានការរីកចម្រើនដែរ។ នេះហើយជាមូលហេតុដែលយើងនៅទីនេះសព្វថ្ងៃនេះ ហើយក៏ជាមូលហេតុដែលយើងនឹងបន្តគាំទ្រសហគមន៍មូលដ្ឋាន ដូចជា ខេត្តក្រចេះ និងសហគមន៍ជាច្រើនដទៃទៀតផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះដៃគូសហការ នៅថ្ងៃនេះ និងសម្រាប់មិត្តរួមការងាររបស់ខ្ញុំដែលបានស្ម័គ្រចិត្តចំណាយពេលវេលារបស់ពួកគេ ធ្វើឱ្យដំណើរទស្សនកិច្ចនេះក្លាយជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់យើងទាំងអស់គ្នា។ នេះជាសកម្មភាពមួយដែលឆ្លុះបញ្ចាំងពីស្មារតីនៃការរួបរួមគ្នាដែលយើងតែងតែគាំទ្រ ហើយយើងត្រូវការពេលធ្វើការរួមគ្នាច្រើនថែមទៀត ខណៈដែលយើងដោះស្រាយបញ្ហាប្រឈមប្រកបដោយនិរន្តរភាពរួមគ្នា។ តោះ! យើងធ្វើការរួមគ្នា ដើម្បីទាំងអស់គ្នា»។

ការរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ថ្មីៗនេះគឺបន្ថែមលើគម្រោងសហគមន៍បៃតងដែលកំពុងដំណើរការរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលឥឡូវនេះបានដាក់ដាំ និងបរិច្ចាគដើមឈើជាង ១០,០០០ ដើម នៅទូទាំងខេត្តចំនួន៥។ គម្រោងនេះ ក៏មានការបរិច្ចាគអំពូលភ្លើងតាមដងផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៩៩០ ដល់សហគមន៍ចំនួន ៥ ដើម្បីបង្កើនសុវត្ថិភាពដល់អ្នករស់នៅ និងភ្ញៀវទេសចរនៅតំបន់ទាំងនោះ។

មហិច្ឆតាយូរអង្វែងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា « ធ្វើឱ្យប្រទេសកម្ពុជាកាន់តែកាន់តែប្រសើរ (Brew a Better Cambodia) » គឺមានគោលបំណងបង្កើនការរួមចំណែកជាវិជ្ជមាន តាមរយៈសសរស្តម្ភសំខាន់ៗ ចំនួន ៣ គឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ ប្រកបដោយទំនួលខុសត្រូវ ជាមួយនឹងគោលដៅនៃការរួមចំណែកឆ្ពោះទៅរកពិភពមួយដែលមិនមានការបំភាយ ឧស្ម័ន មានយុត្តិធម៌សង្គម និងមានសុខភាពល្អជាងមុនសម្រាប់យើងទាំងអស់គ្នា។ .

នៅលើឆាកអន្តរជាតិ ក្រុមហ៊ុន ហ៊ិននីគែន បានឆ្លងផុតគោលដៅនិរន្តរភាពដ៏សំខាន់មួយទៀតនៅក្នុងខែនេះ បន្ទាប់ពីយើងបានក្លាយជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោកដំបូងគេដែលមានគោលដៅកាត់បន្ថយការបំភាយ ឧស្ម័នផ និង FLAG (ព្រៃឈើ ដី និងកសិកម្ម) ដែលត្រូវបានកំណត់តាមរបៀបវិទ្យាសាស្រ្តផ្អែកលើគោលដៅដែលបានផ្តួចផ្តើមឡើង។

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

Most Popular

To Top