ភ្នំពេញ៖ ក្រោមកិច្ចសហការឧបត្ថម្ភរបស់ ខ្មែរ ប៊ែវើរីជីស ជាមួយនឹងសហព័ន្ធកីឡាបាល់ទះកម្ពុជា យើងសង្កេតឃើញថា ការប្រកួតរបស់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ហាក់មានសន្ទុះសមត្ថភាពគួរឱ្យកត់សម្គាល់ តួយ៉ាងត្រឹមរយៈពេល៤ថ្ងៃ ក្រុមកីឡាករជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះរហូតដល់ទៅ ២ព្រឹត្តិការណ៍ប្រកួត ជាប់ៗគ្នា។
ថ្មីៗកន្លងទៅនេះ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភផ្ដាច់មុខក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត SEA V LEAGUE CHALLENGE ដែលជាការប្រកួតដណ្ដើមកៅអី ដើម្បីបន្តចូលរួមការប្រកួត SEA VLEAGUE 2025 នៅប្រទេសឥណ្ឌូនេស៊ី ដែលជាការប្រកួតក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ព្រឹត្តិការណ៍ប្រកួត SEA V LEAGUE CHALLENGE នេះមានការចូលរួមពី កម្ពុជា ឡាវ សិង្ហបុរី និងម៉ាឡេស៊ី។ ជាលទ្ធផលបន្ទាប់ពីការប្រកួតបានបញ្ចប់ ក្រុមដែលឈ្នះ និងទទួលបានកៅអីទៅប្រកួតបន្តនោះគឺ ក្រុមកីឡាករជម្រើសជាតិកម្ពុជា។
បន្ទាប់ពីការប្រកួត SEA V LEAGUE CHALLENGE បានបញ្ចប់ ក្រុមកីឡាករជម្រើសជាតិនៃប្រទេសទាំង៤ ក៏បានបន្តប្រកួតដណ្ដើមប្រាក់រង្វាន់ SAMDECH MOHA BOVOR THIPADEI – 2024 ។ ការប្រកួតនេះមានរយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃផ្ដាច់ព្រ័ត្រ កម្ពុជា ត្រូវប៉ះជាមួយ ម៉ាឡេស៊ី ដណ្ដើមយកលេខ១ និងលេខ២ ហើយចំពោះឡាវ និងសិង្ហបុរី ត្រូវប្រកួតដណ្ដើមលេខ៣ និងលេខ៤។ ជាលទ្ធផលនៃកាប្រកួតផ្ដាច់ព្រ័ត្រ ក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានលេខ១ ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០លានរៀល។ ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៣០លានរៀល លេខ៣បានទៅលើក្រុមជម្រើសជាតិសិង្ហបុរី ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០លានរៀល ហើយចុងក្រោយចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមជម្រើសជាតិ ឡាវ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លានរៀល។
បន្ថែមពីលើការឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា និងឧបត្ថម្ភដល់ការប្រកួតដណ្ដើមប្រាក់រង្វាន់ SAMDECH MOHA BOVOR THIPADEI – 2024 SEA V LEAGE CHALLENG នេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានប្រកាសបន្ថែមថា លោកនឹងរួមដំណើរ ជាមួយក្រុមកីឡាករជម្រើសជាតិកម្ពុជា ទៅប្រកួតស៊ីហ្គេម នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ហើយប្រសិនបើក្រុមកីឡាករជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ស៊ីហ្គេម នេះ អ្នកឧកញ៉ា នឹងធ្វើមេដាយមាសជូន ២គីឡូ៕