ព្រឹត្តិការណ៍

អាមេរិកហោះហើរ យន្តហោះចារកម្ម៤ គ្រឿង ក្នុងពេលតែមួយ ស្របពេលមានក្តី ព្រួយបារម្ភ ពីកាដូបុណ្យណូអែល របស់កូរ៉េខាងជើង

បរទេស៖សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានហោះហើរយន្តហោះចារកម្ម ចំនួន៤គ្រឿង នៅពីលើឧបទ្វីបកូរ៉េ នៅក្នុងពេលតែមួយ ជាមួយគ្នា ស្របពេលមានការកើនឡើង នូវក្តីព្រួយបារម្ភថា កូរ៉េខាងជើង អាចនឹងតេស្តបាញ់សាកល្បងមីស៊ីល វាយប្រហារក្នុងចម្ងាយឆ្ងាយ ទុកជាកាដូបុណ្យណូអែល ជូនដល់ទីក្រុងវ៉ាស៊ីនតោន។

យោងតាមទីភ្នាក់ងារ តាមដាន ដែនអាកាស Aircraft Spots បានឲ្យដឹងថា យន្តហោះចារកម្មទាំង៤គ្រឿង គឺយន្តហោះ RC-135W Rivet Joint យន្តហោះ E-8C យន្តហោះ RQ-4 Global Hawk និងយន្តហោះ RC-135S Cobra Ball ត្រូវបានគេជឿថា ធ្វើបេសកកម្មនៅជុំវិញឧបទ្វីបកូរ៉េ នៅចន្លោះថ្ងៃអង្គារនិងព្រឹកថ្ងៃពុធ។

ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង យុនហាប់ ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានរាយការណ៍ថា វាជារឿងមិនធម្មតានោះទេ ដែលយន្តហោះចារកម្ម អាមេរិក៤គ្រឿង ធ្វើបេសកកម្មនៅជុំវិញ ឧបទ្វីបកូរ៉េ នៅក្នុងពេលតែមួយ ជាមួយគ្នា ហើយនោះហាក់ បង្ហាញឲ្យឃើញ នូវការយកចិត្តទុកដាក់ជាខ្លាំង របស់អាមេរិក ចំពោះបញ្ហា កូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top