ព្រឹត្តិការណ៍

អ្នកជំនាញ៖ កិច្ចសហប្រតិបត្តិការ រវាងអាមេរិកនិងចិន គឺសំខាន់ខ្លាំងណាស់ នៅក្នុងការប្រយុទ្ធជា សកលប្រឆាំងនឹងវីរុសកូវីដ១៩

វ៉ាស៊ីនតោន៖ ការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីចិន និង ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើសារទៅកាន់ពិភពលោកក្នុងពេលដ៏ សំខាន់មួយ។ អ្នកជំនាញសហរដ្ឋអាមេរិក បានប្រាប់ស៊ិនហួ កាលពីថ្ងៃសៅរ៍ថា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិកនិងចិន គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងវីរុសកូវីដ១៩ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទរបសមេដឹកនាំទាំងពីរ កាលពីថ្ងៃសុក្រ ប្រមុខរដ្ឋទាំងពីរបានឯកភាពគ្នាក្នុង ការបង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ស្តីពីការការពារ និងការទប់ស្កាត់ការរីករាលដាល និងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រប្រឆាំងនឹងជំងឺនេះ។

លោក Kent Pinkerton សាស្រ្តាចារ្យសាលាវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ California Davis បានប្រាប់ស៊ីនហួ នៅក្នុងបទសម្ភាសន៍មួយថា « ការសន្ទនាបែបនេះរវាងប្រធានាធិបតីទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិក គឺពិតជាមានសារៈសំខាន់បំផុតក្នុងការស្វែងរកដំណោះស្រាយសម្រាប់ជំងឺរាតត្បាតដែលមានឈ្មោះថា COVID-១៩ សម្រាប់ប្រទេសយើងទាំងពីរក៏ដូចជាពិភពលោក»។ 

លោក Pinkerton បានចុះបញ្ជីចំណុចសំខាន់ចំនួន ៣ ដែលជាការសង្កត់ធ្ងន់សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការដែលជាការចែករំលែកនូវរបកគំហើញវិទ្យាសាស្ត្រ ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសនេះ, វិធីសាស្រ្ត ចែករំលែកសំរាប់ការព្យាបាលអ្នកជំងឺ ដែលមានរោគសញ្ញាធ្ងន់ធ្ងរបំផុតនៃការឆ្លង និងផ្សព្វផ្សាយព័ត៌មានស្រាវជ្រាវថ្មីៗតាមរយៈកិច្ចសហប្រតិបត្តិការរបស់គ្រូពេទ្យ និងអ្នកវិទ្យាសាស្ត្រមកពីប្រទេសទាំងពីរ។

ចំណែក លោក Robert Schooley សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៃផ្នែកជំងឺឆ្លងនិងសុខភាពសាធារណៈសកលនៃសាកលវិទ្យាល័យCalifornia ទីក្រុង San Diego បាននិយាយថា កិច្ចប្រឹងប្រែងត្រួតពិនិត្យនៅក្នុងប្រទេសចិន ទទួលបានជោគជ័យយ៉ាងខ្លាំង។

លោកបានប្រាប់ស៊ិនហួថា «យើងត្រូវរៀនពីប្រទេសចិនអំពីអ្វីដែលដំណើរការល្អ និងអ្វីដែលមិនដំណើរការ” ។

លោក Schooley បាននិយាយថា ពិភពលោកមិនអាចរំពឹងថា វីរុសនេះនឹងត្រូវបានកំចាត់ចេញពីចំនួនមនុស្សដោយការធ្វើអន្តរាគមន៍លើការសិក្សាពីការរាលដាលរបស់មេរោគតែមួយមុខនោះទេ។

លោកបានកត់សម្គាល់ថា «យើងចាំបាច់ត្រូវការងាររួមគ្នា លើវ៉ាក់សាំងនិងថ្នាំ ហើយវាមានសារៈសំខាន់ណាស់ក្នុងការចែករំលែកដំណើរការដែលមានសារៈសំខាន់ ដើម្បីឱ្យពួកគេអាចប្រៀបធៀបគ្នាបាន” ។

សូមជម្រាបថា ចំនួនករណីឆ្លងវីរុសកូវីដ ១៩ នៅសហរដ្ឋអាមេរិក បានឡើងដល់ ១០៥.៥៧៣ នាក់ គិតត្រឹមម៉ោង ១ រសៀល ថ្ងៃសៅរ៍។ នេះបើយោងតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវិស្វកម្ម (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។

នៅទូទាំងពិភពលោកចំនួនករណីដែលត្រូវបានបញ្ជាក់ថាឆ្លងវីរុសនេះ មានលើសពីចំនួន ៦២២.០០០នាក់ ដែលមានអ្នកស្លាប់ច្រើនជាង ២៨.០០០ នាក់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top