ភ្នំពេញ៖ ពហុកីឡដ្ឋានមរតកតេជោ នឹងបញ្ចេញនូវអំណួតរបស់ខ្លួននាឆ្នាំ២០២៣ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ជាលើកដំបូងនាឆ្នាំ២០២៣ លើកទី៣២ ក្រោយពីប្រទេសវៀតណាម បញ្ចប់ការប្រកួត SEA GAMES ២០២១ លើកទី៣១។
ដោយមិននិយាយពីកីឡាបាល់ទាត់កម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ធំៗទាំងកម្រិតទ្វីប តំបន់និងពិភពលោកនោះ ក្នុងការប្រកួតជាលក្ខណៈពហុកីឡាកម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះ តែម្ដងគត់នាឆ្នាំ១៩៦៦គឺព្រឹត្តិការណ៍ការប្រកួតកីឡា ហ្គាណេហ្វូ។
បន្ទាប់ពីនោះមកកម្ពុជា លង់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមអស់ជាង៣០ឆ្នាំ នាពេលនេះពហុកីឡាដ្ឋាន មរតកតេជោនឹងក្លាយជាកន្លែង ប្រកួតពហុកីឡាដ៏ធំមួយ ដែលបានកើតឡើងដោយអ្នកដឹកនាំនាសម័យនេះ ។ ព្រឹត្តិការណ៍កីឡា SEA GAMES នៅឆ្នាំ២០២៣គឺជាឱកាសជាប្រវត្តិសាស្ត្រ និងជានិមិត្តរូបសម្រាប់ប្រទេសរបស់យើង។
ម្យ៉ាងវិញទៀតកីឡា និងពហុកីឡដ្ឋាននឹងបម្រើដល់កិច្ចខិតខំ ប្រឹងប្រែងស្វែងរកទីផ្សារឲ្យកម្ពុជា ជាលក្ខណៈអន្តរជាតិក្នុងនាមជាប្រទេស “ស្អាត និងមានពណ៌បៃតង (Clean and Green )”។
ពហុកីឡដ្ឋាននេះមានកន្លែងអង្គុយ រហូតដល់៦០,០០០កន្លែងនឹងមានរូបរាងដូចដំបូលទូក គឺជាការរំលឹកទៅដល់ការធ្វើដំណើរតាមផ្លូវដឹកជញ្ជូនពីជាង ៣០០០ ឆ្នាំមុនរវាងចិន និងកម្ពុជាពេលដែលប្រទេសទំាង២បានចងសម្ព័ន្ធភាព ខាងផ្នែកជំនួញ និងការអភិវឌ្ឍន៍។
នៅឆ្នាំ២០១៥កម្ពុជាបានសហការ ជាមួយប្រទេសចិន ដើម្បីកសាងពហុកីឡាដ្ឋានធំ និងល្បីឈ្មោះនេះឡើង ។ក្រុមការងាររួមគ្នាមកពីប្រទេសចិន និងកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យមើលគម្រោងសាងសង់នេះ បន្ទាប់ពីកីឡា SEA GAMES ពហុកីឡាដ្ឋាននេះនឹងបើកទ្វារស្វាគមន៍ សម្រាប់ព្រឹត្តិការណ៍កីឡា និងការហ្វឹកហាត់ផ្សេងទៀត។ ក្រៅពីនេះវានឹងត្រូវបានប្រើប្រាស់ផងដែរ សម្រាប់គោលដៅទេសចរណ៍វប្បធម៌ អប់រំ និងការកម្សាន្តនានាតាមរយៈការប្រារព្ធពិធីប្រគំតន្ត្រី និងការតាំងពិព័រណ៌នានា។
ព្រឹត្តិការណ៍ SEA GAMES ឆ្នាំ២០២៣កីឡាករ-កីឡាការិនីកម្ពុជាចំនួនប្រមាណ៧០០រយនាក់ នឹងធ្វើការប្រកួតជាមួយកីឡាករ-កីឡាការិនី៧០០០នាក់ផ្សេងទៀត មកពីគ្រប់ទិសទីនៃតំបន់អាស៊ីអាគ្នេយ៍។ បន្ថែមពីលើគ្រូបង្វឹក អាជ្ញាកណ្តាល និងមានបុគ្គលិកប្រមាណចំនួន៣,០០០នាក់ នាពេលនោះគេរំពឹងថា ពហុកីឡាដ្ឋាននេះនឹងបើកទ្វាស្វាគមន៍ មនុស្សប្រមាណជាង១០.០០០នាក់ ។
ពហុកីឡដ្ឋាននេះ មានសមត្ថភាពជន្លៀសមនុស្សតែក្នុងរយៈពេល ៧នាទីប៉ុណ្ណោះ ក្រៅពីមានមជ្ឈមណ្ឌលហែលទឹកលោតទឹក កន្លែងប្រកួតកីឡាក្នុងសាល និងក្រៅសាលនោះមណ្ឌលទស្សបាល់ទាត់មាន៥ជាន់ដោយមានជានផ្ទាល់ដីជាន់កណ្ដាល និង ជានខ្ពស់បំផុត ។ពហុកីឡដ្ឋានដែលមានតម្លៃ ប្រមាណ១៦០លានដុល្លារអាមេរិកនេះ គ្រោងងនឹងបញ្ចប់ការសាងសង់ នាចុងឆ្នាំ២០២០នេះតែម្ដង ៕
ដោយ៖លី ភីលីព



