បរទេស ៖ ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស អាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនទើបបញ្ចប់យ៉ាងជោគជ័យ នូវការហោះហើរដំបូង នៃយន្តហោះចម្បាំង F-15QA ក្នុងអំឡុងពេលបេសកកម្ម៩០នាទី ពីព្រលានយន្តហោះអន្តរជាតិ Lambert ក្នុងរដ្ឋ St. Louis។
លោក Prat Kumar ជាអនុប្រធានក្រុមហ៊ុនប៊ូអ៊ីង និងជាអ្នកគ្រប់គ្រងកម្មវិធីយន្តហោះ F-15 បានមានប្រសាសន៍ថា “ការហោះហើរដំបូងដ៏ជោគជ័យនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការផ្តល់ឲ្យកងកម្លាំងទ័ពអាកាសនៃប្រទេសកាតា នូវយន្តហោះដែលមានរយៈចម្ងាយ និងសមត្ថភាពផ្ទុកទម្ងន់ដ៏ល្អបំផុត”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីង បានអភិវឌ្ឍផលិត យន្តហោះចម្បាំង F-15QA ឲ្យដល់កងទ័ពអាកាសនៃប្រទេសកាតា និងបានពិពណ៌នាវាថា ជាកំណែទម្រង់ដ៏ទំនើបបំផុត របស់យន្តហោះ ដែលខ្លួនធ្លាប់ផលិត៕
ប្រែសម្រួល៖ប៉ាង កុង

