ព្រឹត្តិការណ៍

អ៊ីរ៉ង់​ កោះអញ្ជើញ ឯកអគ្គរដ្ឋទូតស្វីស ដែលជាតំណាង របស់អាមេរិក នៅទីក្រុងតេអេរ៉ង់ជុំវិញ ភាពតានតឹង នៅតំបន់ឈូងសមុទ្រ

បរទេស ៖ យោងតាមទីភ្នាក់ងារ សារព័ត៌មាន IRIB មន្ត្រីនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បាននិយាយថា ប្រទេសអ៊ីរ៉ង់ ទើបបានកោះអញ្ជើញ ឯកអគ្គរដ្ឋទូតស្វីសប្រចាំ នៅទីក្រុងតេអេរ៉ង់ ដែលធ្វើជាតំណាង ឲ្យសហរដ្ឋអាមេរិកក្នុងប្រទេស ជុំវិញភាពតានតឹង នៅតំបន់ឈូង សមុទ្រថ្មីៗនេះ។

ឯកអគ្គរដ្ឋទូតរូបនេះ តាមសេចក្តីរាយការណ៍ ត្រូវបានផ្តល់ឲ្យនូវសារមួយ សម្រាប់យកទៅប្រាប់បន្តដល់ សហរដ្ឋអាមេរិកថា អ៊ីរ៉ង់នឹងការពារយ៉ាងខ្លាំងក្លា នូវសិទ្ធិដែនសមុទ្ររបស់ខ្លួននៅតំបន់ឈូងសមុទ្រ និងធ្វើការឆ្លើយតបវិញ ចំពោះការគម្រាម កំហែងណាមួយ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បាននិយាយប្រាប់ទូរទស្សន៍ជាតិថា ប្រទេសអ៊ីរ៉ង់នឹងកម្ទេចនាវាចម្បាំង សហរដ្ឋអាមេរិក ប្រសិនបើគម្រាម កំហែងដល់សន្តិសុខ ក្នុងតំបន់ឈូងសមុទ្រ ក្រយមួយថ្ងៃបន្ទាប់ ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ព្រមានទីក្រុងតេអេរ៉ង់ ជុំវិញការយារយីនាវាអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top