សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន បានសម្តែងក្តីសង្ឃឹមថា ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដោយគ្រោះមហន្តរាយរបស់រដ្ឋាភិបាល សម្រាប់គ្រួសារទាំងអស់ នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងដើរតួនាទីជាកម្លាំង ជំរុញដល់ការធ្វើឱ្យ ប្រសើរឡើងនូវសេដ្ឋកិច្ច ដែលបានធ្លាក់ចុះ ដោយសារជំងឺរាតត្បាតកូវីដ-១៩។
លោកបានឲ្យដឹង នៅពេលចាប់ផ្តើម ការប្រជុំប្រចាំសប្តាហ៍ នៅការិយាល័យប្រធានាធិបតីថា“ រដ្ឋាភិបាលនឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ សម្រាប់គ្រោះមហន្តរាយ ដែលនឹងត្រូវបានផ្តល់ជាលើកដំបូង ក្នុងប្រវតិ្តសាស្រ្ត របស់ប្រទេសកូរ៉េខាងត្បូង ដែលផ្តល់ជូនយ៉ាងឆាប់រហ័ស និងងាយស្រួល ខ្ញុំរំពឹងថា វានឹងជួយដល់ការធ្វើឱ្យប្រសើរឡើង នូវសេដ្ឋកិច្ចសូម្បីតែបន្តិចក៏ដោយ”។
រដ្ឋបាលរបស់លោក មូន ជេអ៊ីន បានចាប់ផ្តើមផ្តល់ប្រាក់ដល់ទៅ ១ លានវ៉ុន (៨១៤ ដុល្លារអាមេរិក) ក្នុងមួយគ្រួសារ សម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលទាប សរុបប្រមាណ ២,៨ លាននាក់ និងអ្នកដែលរស់នៅ លើប្រាក់សោធនជនពិការ ដែលត្រូវបានចុះបញ្ជី សម្រាប់គោលនយោបាយសុខុមាលភាព តាមរយៈគណនីអ៊ីនធឺណិត។
គ្រួសារដែលមានសមាជិកតែមួយ មានសិទ្ធិទទួលប្រាក់ចំនួន ៤០០,០០០ វ៉ុន ហើយគ្រួសារដែលមានសមាជិក ២ និង ៣ នាក់ ៦០០,០០០ វ៉ុននិង ៨០០,០០០ វ៉ុនរៀងៗខ្លួន ហើយគ្រួសារមួយ ដែលមានសមាជិក ៤ នាក់ ឬច្រើនជាងនេះ អាចទទួលបាន ១ លានវ៉ុន៕ ដោយ៖ ឈូក បូរ៉ា
