បរទេស៖មេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានកោតសរសើរយោធារបស់លោក សម្រាប់ការប្រឹងប្រែងធ្វើការកសាងឡើងវិញនូវទីក្រុងតូចនានា ដែលរងការវាយប្រហារដោយព្យុះទីហ្វុង និងគ្រោះទឹកជំនន់ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ។
កាសែត KCNA បាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចខេត្ត North Hwanghae ស្ថិតនៅខាងត្បូងទីក្រុងព្យុងយ៉ាង ដែលរងការខូចខាតដោយសារតែគ្រោះមហន្តរាយធម្មជាតិ ហើយទើបបានតែធ្វើការកសាងឡើងវិញបានយ៉ាងជោគជ័យ ក្លាយជាទឹកដីដ៏ល្អរបស់សង្គមនិយម។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនោះ គឺជាព្រឹត្តិការណ៍ដ៏ថ្មីបំផុតធ្វើឡើងដោយលោក គីម ជុងអ៊ុន នៅតំបន់រងការវាយប្រហារដោយព្យុះទីហ្វុងនៅក្នុងប្រទេស ដោយលោកបានចេញនូវសេចក្តីប្រកាសអាសន្ន នៅមុនពេលព្យុះមកដល់ ដើម្បីទប់ស្កាត់មិនឲ្យមានការខូចខាតផលដំណាំនិងមិនឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយបន្ទាប់មក បានបញ្ជូនយោធានិងសមាជិកបក្សឲ្យទៅជួយសហគមន៍សាងសង់ឲ្យប្រសើរឡើងវិញ៕ប្រែសម្រួល៖ប៉ាង កុង