ព្រឹត្តិការណ៍

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩រហូតដល់ ជាង ១៦៦.០០០នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា មានអ្នកស្លាប់ចំនួន៦៨៥នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ចំនួននេះកើនឡើង៣ដងនៃអ្នកដែលបានចុះក្នុងបញ្ជីកាលពីថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនឡើងដល់១៦៦.៦៩៩នាក់ ។

ក្រសួងក៏បានចុះបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៥.២៩៤នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥.៩១១.៧៥៨នាក់ ចាប់តាំងពីផ្ទុះជំងឺលើកដំបូងដែលបានរកឃើញកាលពីថ្ងៃទី២៦ ខែកុម្ភៈ នៅក្នុងប្រទេស ។

រដ្ឋសៅប៉ូឡូ ជារដ្ឋដែលស្ថិតនៅភាគអាគ្នេយ៏ប្រទេស ដែលមានពលរដ្ឋរស់នៅច្រើនជាងគេនៅក្នុងប្រទេសប្រេស៊ីល ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានចំនួន១.១៧៨.០៧៥នាក់ និងមានអ្នកស្លាប់ចំនួន៤០.៧៤៩នាក់ បន្ទាប់មកមានក្រុងជាប់គ្នា គឺរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺចំនួន៣៣០.០០៩នាក់ និងមានអ្នកស្លាប់ចំនួន២១.៤៧៤នាក់ ។

កាលពីសប្តាហ៍មុន ប្រទេសប្រេស៊ីល ត្រូវបានគេមើលឃើញថា ការចម្លងជំងឺស្ថិតក្នុងកម្រិតទាបបំផុតដែលមានអត្រា០,៦៨ភាគរយ គិតចាប់តាំងពីខែមេសា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top