ព្រឹត្តិការណ៍

មកមើល រឿងពិតទាំង ១០ យ៉ាងរបស់ ពូទីន កម្រមានអ្នកដឹងបំផុត!

វ្ល៉ាឌិមៀ ពូទីន (Vladimir Putin) បានកើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៥២ បច្ចុប្បន្នមានអាយុ ៦៩ឆ្នាំ គឺជាមេដឹកនាំរុស្ស៊ី ដែលកាន់អំណាចយូរបំផុត ចាប់តាំងពីលោក យ៉ូសែប ស្តាលីន (Joseph Stalin) ដោយបានដឹកនាំប្រទេស អស់រយៈពេលជាង ២ ទសវត្សរ៍ក្នុងឋានៈជានាយករដ្ឋមន្ត្រី ឬប្រធានាធិបតី ។

ក្នុងអំឡុងពេលវេលាកាន់អំណាច លោក ពូទីន បានជួបរឿងរ៉ាវជាច្រើន រួមទាំង ភាពតានតឹងដែនដី នៅអឺរ៉ុបខាងកើត កំណែទម្រង់សេដ្ឋកិច្ចសេរី និង ការបង្រ្កាបលើសេរីភាពនយោបាយ ជាដើម ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន មានប្រវត្តិគួរឲ្យភ្ញាក់ផ្អើលមួយចំនួន ដែលមិនមែនសុទ្ធតែគ្រប់គ្នា ធ្លាប់បានដឹងនោះទេ។

១) ពូទីន កើតក្នុងត្រកូលអ្នកក្រីក្រ

ឪពុកម្តាយរបស់ ពូទីន បានរៀបការនៅអាយុ ១៧ឆ្នាំ។ ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ឪពុករបស់លោកបានរងរបួស និងចុងក្រោយពិការ ដោយសារគ្រាប់បែកដៃ ហើយក្នុងអំឡុងពេលឡោមព័ទ្ធទីក្រុង Leningrad ម្តាយរបស់លោកត្រូវបានជាប់ឃុំ ហើយស្ទើរតែស្រេកឃ្លាន រហូតដល់ស្លាប់។

ក្រោយ​សង្គ្រាម ឪពុក​របស់​ពូទីន​ ចូល​ធ្វើ​ការ​រោងចក្រ ហើយ​ម្ដាយ​របស់​លោក ជាអ្នកបោសសម្អាតផ្លូវ។

២) ពូទីន មិនមែនជាសិស្សគំរូទេ

នៅថ្នាក់ទី៩ ពូទីន ត្រូវបានជ្រើសរើសឲ្យសិក្សា នៅសាលា Leningrad លេខ ២៨១ ដែលទទួលយកតែសិស្សពូកែបំផុត របស់ទីក្រុងប៉ុណ្ណោះ។ កាសែតរុស្ស៊ីមួយ បានរកឃើញសៀវភៅ របស់លោក ពូទីន ។ នៅក្នុងសៀវភៅនោះ បានសរសេរថា ពូទីន “បានគប់ជ័រលុប ទៅសិស្សដៃ” “មិនបានធ្វើលំហាត់គណិតវិទ្យា” “មានអាកប្បកិរិយាមិនល្អ ក្នុងអំឡុងពេលថ្នាក់ច្រៀង” និង “និយាយឡូឡា នៅក្នុងថ្នាក់” ។

លើសពីនេះ លោកធ្លាប់ត្រូវគ្រូចាប់បានលួចបោះព្រីយ៉ុង ហើយជារឿយៗបានវ៉ៃ ជាមួយគ្រូហាត់ប្រាណ និងសិស្សច្បង របស់លោកទៀតផង។

៣) ពូទីន បំបែកកំណត់ត្រា ក្នុងកីឡា Judo

ពូទីន បានហាត់ Judo តាំងពីអាយុ ១១ឆ្នាំ មុនពេលចូលរួម ជាមួយថ្នាក់ Sambo (ក្បាច់គុនរុស្ស៊ី) នៅអាយុ ១៤ឆ្នាំ ។ លោកបានឈ្នះ ការប្រកួតទាំងនៅទីក្រុង Leningrad (ឥឡូវជាក្រុង St Petersburg) និង ក្នុងឆ្នាំ២០១២ គឺ ខ្សែក្រវ៉ាត់ខ្មៅ ៨ដាន់ ដែលធ្វើឲ្យលោកក្លាយជាជនជាតិរុស្ស៊ី ដំបូងគេបង្អស់ ទទួលបានជើងឯកនេះ ។

៤) ពូទីន បានចូលរួមជាមួយ KGB

KGB គឺជាទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ី ហើយលោកបានចូលរួមក្នុងតំណែងរបាល ។ លោកបានរៀននៅក្នុងទីក្រុង Moscow នៅឯវិទ្យាស្ថាន Foreign Intelligence Institute របស់ KGB ក្រោមឈ្មោះក្លែងក្លាយ “Platov”។ លោកបានបម្រើការងារ នៅ KGB អស់រយៈពេល ១៥ឆ្នាំ។ លោកបានខិតខំប្រឹងប្រែងធ្វើការ រហូតក្រោយមកក៏បានឡើងតំណែងជាវរសេនីយ៍ទោ ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីជញ្ជាំង Berlin Wall និង សហភាពស៊ូវៀត បានដួលរលំ ពូទីន ក៏បានចាកចេញពី KGB។

៥) ក្រោយ KGB ពូទីន បានចាប់ផ្តើមអាជីពជាអ្នកនយោបាយ

បន្ទាប់ពី KGB លោក ពូទីន បានចាប់ផ្តើមអាជីពនៅសកលវិទ្យាល័យ Leningrad State University បានមួយរយៈពេលខ្លី មុនចូលប្រឡូកជាអ្នកនយោបាយ។ នៅឆ្នាំ ១៩៩៤ លោកបានទទួលងារជាអភិបាលរងក្រុង។ បន្ទាប់ពីការបញ្ចប់តំណែងអភិបាលរងក្រុង លោក ពូទីន បានផ្លាស់ទៅទីក្រុង Moscow ហើយបានចូលរួមជាបុគ្គលិកប្រធានាធិបតី។ លោកបានចាប់ផ្តើមជានាយករងផ្នែកគ្រប់គ្រង នៅឆ្នាំ ១៩៩៨ បន្ទាប់មកបានផ្លាស់ប្តូរទៅជាប្រធានផ្នែកសេវាសន្តិសុខសហព័ន្ធ ហើយនៅឆ្នាំ ១៩៩៩ ត្រូវបានតម្លើងឋានៈជានាយករដ្ឋមន្ត្រី តែម្តង។

៦) ពូទីន ចូលចិត្តក្រុមមន្ត្រី Beatles

នៅក្នុងឆ្នាំ២០០៧ លោក ពូទីន បានប្រាប់អ្នកថតរូបជនជាតិអង់គ្លេសម្នាក់ថា លោកចូលចិត្តក្រុមតន្ត្រីចម្រៀងរ៉កអង់គ្លេស “Beatles” ហើយជាពិសេសចូលចិត្តបទ “Yesterday” របស់ពួកគេ។

៧) ពូទីន មានវាំងមួយនៅក្នុងព្រៃ

ផ្ទះដ៏ធំសម្បើមរបស់ ពូទីន ត្រូវបានគេហៅថា “Putin’s Palace” គឺជា​វិមាន​បែបអ៊ីតាលី ដែល​មាន​ទីតាំង​នៅ​ឆ្នេរ​សមុទ្រ​ខ្មៅ​ ក្នុង​ទីក្រុង Krasnodar Krai ប្រទេស​រុស្ស៊ី។ វាមានផ្ទះធំមួយ (មានផ្ទៃដីជិត ១៨ ០០០ម៉ែត្រការ៉េ), សួនច្បារ, ផ្ទះកញ្ចក់, ចំណតឧទ្ធម្ភាគចក្រ, វិមានទឹកកក, ព្រះវិហារ, កន្លែងកម្សាន្ត, ផ្ទះសំណាក់, ស្ថានីយ៍ប្រេងឥន្ធនៈ, ស្ពានប្រវែង ៨០ម៉ែត្រ និង ផ្លូវរូងក្រោមដីពិសេសនៅខាងក្នុងភ្នំ។

នៅផ្នែកខាងក្នុងមានអាងហែលទឹក ស្ប៉ា សូណា អាងងូតទឹកទួរគី ហាង ឃ្លាំង បន្ទប់អានសៀវភៅ កន្លែងស្តាប់តន្ត្រី បារ រោងមហោស្រព និងរោងកុន បន្ទប់ដាក់ស្រា កាស៊ីណូ និងបន្ទប់គេងសម្រាប់ភ្ញៀវរាប់សិបបន្ទប់។ តម្លៃនៃការសាងសង់ ត្រូវបានគេប៉ាន់តម្លៃប្រមាណថា មានប្រហែល ១,៣៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១។

៨) ពូទីន មានកូន ២នាក់

ពូទីន បានរៀបការជាមួយ Lyudmila Shkrebneva នៅក្នុងឆ្នាំ១៩៨៣។ ពួកគេមានកូនស្រី ២នាក់ គឺ Mariya Putina និង Katerina Tikhonova។

៩) ពូទីន ត្រូវបានតែងតាំងសម្រាប់រង្វាន់ណូបែលសន្តិភាព ២ដង

លោក ពូទីន បានបញ្ចុះបញ្ចូលលោក Assad ឲ្យទម្លាក់អាវុធរបស់ស៊ីរីដោយសន្តិវិធី ផ្ទុយពីជម្រើសផ្សេងទៀតនៃការធ្វើអន្តរាគមន៍ឈ្លានពាន ដែលទំនងជាដោយសារតែមិត្តភាពរបស់លោក ជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad ។ ចំពោះ​បញ្ហា​នេះ លោក​ត្រូវ​បាន​គេ​តែងតាំង​សម្រាប់​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ២០១៤។

លោកក៏ត្រូវបានតែងតាំងសម្រាប់រង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២១ ផងដែរ។ ការតែងតាំងនេះ ត្រូវបានដាក់ស្នើដោយអ្នកនិពន្ធរុស្ស៊ីដ៏ចម្រូងចម្រាស និងជាឥស្សរជនសាធារណៈ លោក Sergey Komkov ។

១០) ពូទីន ស្រលាញ់សត្វ

ពូទីន មានសត្វឆ្កែចិញ្ចឹម ជាច្រើនក្បាល ហើយត្រូវ បានគេរាយការណ៍ថា ចូលចិត្តថតរូបជាមួយសត្វផ្សេងៗទៀត ។ លោកក៏បានជំរុញឲ្យមានច្បាប់ សម្រាប់ការមើលថែសត្វ ឲ្យកាន់តែប្រសើរឡើង ដូចជា ច្បាប់ដែលហាមប្រាមសួនសត្វ នៅខាងក្នុងផ្សារទំនើប និង ភោជនីយដ្ឋាន, ហាមឃាត់ការ សម្លាប់សត្វអនាថា និង ទាមទារការថែទាំសត្វចិញ្ចឹមឲ្យបានត្រឹមត្រូវ ទៀតផង ៕

Most Popular

To Top