ព្រឹត្តិការណ៍

ភ្នំព្រះ! តើយើង​មើលពី​កន្លែង​ណាទៅ ទើបឃើញ​សណ្ឋាន​ជួរភ្នំ​ ដែលមាន​រាង​ដូចព្រះ?

ភ្នំព្រះ ឬយើងអាចហៅបានថា ខ្នងព្រះ ភ្នំនេះត្រូវបានប្រជាពលរដ្ឋ នៅក្នុងតំបន់ហៅតៗគ្នា ដោយសម្គាល់ទៅលើសណ្ឋាន ជួរភ្នំដែលមានរាងដូចព្រះផ្ទុំ បើយើងមើលពីឃុំថ្មដាទៅ។

ភ្នំព្រះ ឬខ្នងព្រះ ជាតំបន់អេកូរទេសចរណ៍ ធម្មជាតិ ដ៏ទាក់ទាញមួយក្នុងពេលបច្ចុប្បន្ន ដែលស្ថិតក្នុងដែន ជម្រកសត្វព្រៃភ្នំសំកុស នៃជួរភ្នំក្រវ៉ាញខាងជើង ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ដោយយើងធ្វើដំណើរចេញពីទីរួមខេត្តតាមបណ្តោយផ្លូវជាតិលេខ៥៥ ប្រមាណ ១៥៣គ.ម មកទីតាំង​ចាប់ផ្តើម​ឡើងភ្នំ​ស្ថិតនៅ​ចន្លោះ​បង្គោល​គីឡូ ១៥២ និង១៥២ ដែលគេហៅថា​ស្ទឹងកាច់។ ហើយយើង​ត្រូវធ្វេីដំណេីរថ្មើរជើង បន្តប្រមាណ៩គ.មទៀតគិតពីជើងភ្នំទៅ ត្រូវឆ្លងកាត់ទឹកអូរ ថ្មស្លែរអិល តោងខ្សែរឡើងចំណោត ព្រៃឈើក្រាស់…។

អាកាសធាតុនៅលើភ្នំមានការប្រែប្រួលតាមរដូវកាល ពេលខ្លះមេឃស្រឡះ ចុះអ័ព្ទ ពពកក្រាស មេឃភ្លៀង ។ ភ្នំព្រះមានភាពទាក់ទាញជាច្រើនដែលភ្ញៀវទេសចរអាច ថតទេសភាព ព្រៃព្រឹក្សា ផ្កាព្រៃ(កេសរកូល) សត្វស្លាប សត្វព្រៃ ទឹកជ្រោះ និងរុក្ខជាតិប្លែកៗជាច្រើនប្រភេទ។

បន្ថែមលើនោះពេលព្រឹក យើងអាចមើលថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង និងពេលល្ងាចយើងអាចគន់ មើលថ្ងៃរៀប លិចលើខ្នងព្រះ បញ្ចេញពន្លឺយ៉ាងស្រស់ស្អាត ។ ជាពិសេសពេលយប់យើងអាចគេង បើកម៉ាស៊ីន ត្រជាក់បែបធម្មជាតិមួយយប់ទល់ភ្លឺ ក្នុងអាកាសធាតុចាប់ពី9ទៅ15អង្សារ៕

Most Popular

To Top