សុខភាព និង ផ្លូវភេទ

តើវ៉ាក់សាំង ការពារវីរុសកូវីដ១៩របស់ចិន ស្ថិតនៅលំដាប់ណា?

បរទេស៖ នៅថ្ងៃទី ៩ ខែធ្នូ ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងបង្អស់ ដែលបានអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីការពារវីរុសកូវីដ ១៩ ។ វ៉ាក់សាំងការពារវីរុស ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនរួមគ្នា គឺ Pfizer របស់អាមេរិក និង BioNTech របស់អាល្លឺម៉ង់ បានបង្ហាញប្រសិទ្ធភាព ៩៥ ភាគរយក្នុងការសាកល្បង។ វ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័ត ដោយសហរដ្ឋអាមេរិកនៅថ្ងៃទី ១០ ខែធ្នូ។ វ៉ាក់សាំងមួយផ្សេងទៀតគឺ Moderna មកពីសហរដ្ឋអាមរិក និងវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក បានរាយការណ៍ថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាព ៩៤,៥ ភាគរយហើយកំពុង ជំរុញឱ្យមានការយល់ព្រមផងដែរ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន The Deplomat កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

តើវ៉ាក់សាំងចិនឈរនៅទីណា?

បច្ចុប្បន្ននេះប្រទេសចិន មានវ៉ាក់សាំងចំនួនចំនួនផងដែរ នៅក្នុងដំណាក់កាលជឿនលឿន នៃការអភិវឌ្ឍន៍។ ដំណាក់កាលចុងក្រោយ នៃការសាកល្បងគ្លីនិក ដំណាក់កាលទីបី មានការចូលរួមពីអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ ដើម្បីតាមដានពីផលប៉ះពាល់ និងដើម្បីសាកល្បងប្រសិទ្ធភាព នៃវ៉ាក់សាំងក្នុងចំនួនប្រជាជនធំ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន បានសហការជាមួយប្រទេសក្រៅ ដើម្បីធ្វើការសាកល្បងរបស់ពួកគេ ក្នុងពេលដែលមានរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងប្រទេសចិន។

កាលពីថ្ងៃទី ៩ ខែធ្នូ ប្រទេស អេមីរ៉ាតអារ៉ាប់រួម (UAE ) បានរាយការណ៍ថា ការសាកល្បងវ៉ាក់សាំង របស់ក្រុមហ៊ុន Sinopharm របស់ចិន ដែលបង្ហាញប្រសិទ្ធភាព ៨៦ ភាគរយ។ ក្រសួងសុខាភិបាល UAE ក៏បាននិយាយផងដែរថា មិនមានការព្រួយបារម្ភធ្ងន់ធ្ងរ អំពីសុវត្ថិភាព ដែលទាក់ទងនឹងវ៉ាក់សាំងនេះនោះទេ។

បន្ទាប់ពីការវិភាគរបស់ខ្លួន រដ្ឋនៅមជ្ឈឹមបូព៌ាមួយនេះ បានក្លាយជាប្រទេសដំបូងគេ ដែលបានអនុម័តជាផ្លូវការ នូវការប្រើវ៉ាក់សាំងការពារវីរុស របស់ប្រទេសចិន ។ ប្រទេសចិនបានអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងរបស់ Sinopharm ដល់ប្រជាជនរបស់ខ្លួនរួចហើយ – រហូតមកដល់ពេលនេះប្រជាជនជាង ១ លាននាក់ ស្ថិតក្រោមគោលការណ៍ណែនាំ អំពីការប្រើប្រាស់បន្ទាន់ ប៉ុន្តែមិនទាន់បានផ្តល់ ការយល់ព្រមចុងក្រោយ ចំពោះវ៉ាក់សាំងណាមួយឡើយ។ ការចាក់វ៉ាក់សាំង បានរីករាលដាលយ៉ាងទូលំទូលាយ មិនថានៅក្នុងប្រទេសចិន ឬនៅបរទេស នោះទេ ដែលត្រូវការការគាំទ្រ ដោយទិន្នន័យបញ្ចប់ដំណាក់កាលទី ៣ ។

វ៉ាក់សាំងមួយទៀត ដែលជិតដល់ចុងបញ្ចប់ នៃដំណើរការ គឺការផ្តល់ជូនរបស់ក្រុមហ៊ុន Sinovac ដែលត្រូវបានគេស្គាល់ថា CoronaVac ។ កាលពីដើមសប្តាហ៍នេះដៃគូរបស់ Sinovac នៅក្នុងការសាកល្បងវ៉ាក់សាំង នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ឈ្មោះ PT Bio Farma បានប្រកាសថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាព ៩៧ ភាគរយ។ ទោះយ៉ាងណា ក្រុមហ៊ុន Sinovac បានជំរុញការអះអាងនោះ ដោយអ្នកនាំពាក្យ បានប្រាប់ទីភ្នាក់ងារ Bloomberg ថា ប្រសិទ្ធភាពរបស់វា មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ច្បាស់ថា វ៉ាក់សាំងនេះជាលទ្ធផល វាបានបង្កើតអង្គបដិប្រាណក្នុង ៩៧ ភាគរយ នៃករណី ប៉ុន្តែវាមិនមានន័យថា ជាការការពារបាន ៩៧ ភាគរយពីការឆ្លងវីរុសកូវីដ១៩ នោះទេ។

យោងតាមដៃគូរបស់ Sinovac នៅទីនោះ លទ្ធផលនៃការសាកល្បងដំណាក់កាលទី ៣ ផ្សេងទៀត នៅក្នុងប្រទេសប្រេស៊ីល ត្រូវបានរំពឹងថា នឹងត្រូវចេញផ្សាយនៅថ្ងៃទី ១៥ ខែធ្នូ។

គួរកត់សម្គាល់ថា មិនថាក្រុមហ៊ុន Sinopharm ឬក៏ Sinovac នោះទេ គឺមិនបានបញ្ចេញទិន្នន័យជាសាធារណៈ ពីការសាកល្បងវ៉ាក់សាំងរបស់ពួកគេទេ ដែលធ្វើឱ្យមានការលំបាក សម្រាប់អ្នកជំនាញឯករាជ្យ ក្នុងការផ្ទៀងផ្ទាត់ការអះអាងនេះ។ វ៉ាក់សាំងដែលស្ថិតនៅក្រោមការអភិវឌ្ឍរួមគ្នា ដោយសាកលវិទ្យាល័យ Oxford និង AstraZeneca ត្រូវបានគេនៅតែងឿងឆ្ងល់ បន្ទាប់ពីទិន្នន័យរបស់វា បានបង្ហាញថាដូសផ្សេងៗគ្នា ត្រូវបានប្រើក្នុងការសាកល្បងផ្សេងៗគ្នា។

ប្រទេសចិនបានសន្យាថា នឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ របស់ខ្លួនសម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍ជា“ ប្រយោជន៍សាធារណៈ” ជាពិសេសប្រទេសប៉ាគីស្ថាន រួមជាមួយបណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍ និងអាហ្វ្រិក ជាអ្នកទទួលអាទិភាព។

នៅពេលដែលវ៉ាក់សាំងចិន ជិតទទួលបានអនុម័តយល់ព្រម ការយកចិត្តទុកដាក់នឹងងាកមក ដើម្បីរកវិធីដែលប្រទេសចិន អាចផលិតវាបានឆាប់រហ័ស និងចេញនូវដូស (ចំនួន) ដូចការសន្យា។ ឧទាហរណ៍ ក្រុមហ៊ុន Sinovac បាននិយាយថា ខ្លួនអាចផលិតបាន ៣០០ លានដូសក្នុងមួយឆ្នាំ ដែលវាគ្រប់គ្រាន់ ក្នុងការចាក់វ៉ាក់សាំងដល់មនុស្ស ១៥០ លាននាក់។ មានតែប្រទេសចិនទេ ដែលមានប្រជាជនចំនួន ១,៤ ពាន់លាននាក់ ដោយមិននិយាយពីប្រជាជន នៅក្នុងប្រទេសដទៃទៀត ដែលត្រូវបានគេសន្យាថា នឹងទទួលបានវ៉ាក់សាំង របស់ចិនឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top