ធ្លាប់ដែរឬទេ នៅពេលដែលអ្នក មិនបានធ្វើអ្វីសោះ តែមានអារម្មណ៍ថា ល្ហិតល្ហៃក្នុងខ្លួន ហើយមិនមានកម្លាំងធ្វើអ្វី?
ច្បាស់ណាស់ជាធម្មតា មានសកម្មភាពមួយចំនួនដូចជា ការធ្វើលំហាត់ប្រាណធ្ងន់ធ្ងរ ឬការបំពេញការងារខ្លាំងក្លា អាចធ្វើឲ្យថាមពលក្នុងខ្លួន របស់អ្នកថយចុះ។ ប៉ុន្តែ នៅពេលដែរអ្នកមិនបាន ធ្វើរឿងទាំងនោះ ហើយបែជាអស់កម្លាំងដូចគ្នា ក៏មិនមានអ្វីខុសប្រក្រតីដែរ ព្រោះថាមពលរបស់អ្នក ក៏ជាប់ទាក់ទងផងដែរ ទៅនឹងទម្លាប់ប្រចាំថ្ងៃមួយចំនួនទៀត ។
ខាងក្រោមជាទម្លាប់៦យ៉ាង ដែលទាមទារឲ្យអ្នក គិតគូរឡើងវិញ ដោយសារវាជាមូលហេតុ បំផ្លាញនូវថាមពលអ្នកទាំង មិនដឹងខ្លួនជារៀងរាល់ថ្ងៃ ។
១.ចំណាយពេល លើគ្រឿងអេឡិចត្រូនិច
ច្បាស់ណាស់បុគ្គលភាគច្រើន តែងតែយកពេលវេលា ដែលនៅសល់បន្ទាប់ពីការសិក្សា ឬការងារដ៏នឿយហត់ ជាពិសេសនាពេលល្ងាចតែម្តង ធ្វើអ្វីដើម្បីជាការកម្សាន្ត ដូចជាការមើលទូរទស្សន៍ ឬចំណាយពេល ប្រើប្រព័ន្ធអេឡិចត្រូនិច ( ទូរស័ព្ទ ថេបប្លេត ) ជាដើម ។ ប៉ុន្តែអ្នកប្រហែលមិនដឹងទេថា សកម្មភាពទាំងនោះ រឹតតែធ្វើឲ្យអ្នកមានអារម្មណ៍ ល្ហិតល្ហៃទៅវិញ។ យកល្អគួរមានការសម្រាក ដោយគេងរយៈពេលខ្លី ឬធ្វើលំហាត់ប្រាណ បន្តិចបន្តួចសម្រាប់បង្កើន កម្លាំងរបស់អ្នកសារជាថ្មី។
២. មិនបង្រ្គប់ជាតិទឹកក្នុងខ្លួន
កង្វះជាតិទឹកធ្វើឲ្យរាងកាយ របស់អ្នកចុះខ្សោយ ។ មនុស្សមួយចំនួនតែងតែ យកភេសជ្ជៈប្រភេទកាហ្វេអ៊ីន ឬមានជាតិស្ករ មកបំពេញថាមពលខ្លួន ដោយមើលរំលង នូវអត្ថប្រយោជន៍របស់ទឹក ។ ការពិតភេសជ្ជៈប្រភេទខាងលើ អាចត្រឹមជួយបំពេញកម្លាំងថាមពល តែមួយរយៈតែប៉ុណ្ណោះ ប៉ុន្តែវាមិនបានធ្វើឲ្យរាងកាយ មានស្ថេរភាពនោះទេ យកល្អគួរទម្លាប់ញាំទឹកមួយកែវ ពេញនៅពេលព្រឹក ហើយបន្តបន្ថែម សារជាតិទឹកឲ្យបានពេញមួយថ្ងៃ ។
៣. មិនញុំាអាហារថាមពល
ទម្លាប់ញុំាអាហារ គ្មានជាតិដូចជា អាហារធ្វើឲ្យធាត់ ជាតិផ្អែម ប្រៃ ឬញុំាអាហារចៀន ជាញឹកញាប់ ហើយមិនទៀតទាត់ពេលវេលានោះ មិនត្រឹមតែធ្វើឲ្យអ្នកឡើងគីឡូ ឬបង្កជំងឺទូទៅផ្សេងទេ វាថែមទាំងអាចធ្វើឲ្យយើង បាត់បងថាមពលកម្លាំងរាងកាយ រួមជាមួយផងដែរ ។ អ្នកគួរចាប់ផ្តើមជ្រើសរើស យកអាហារដែលផ្តល់ជាសុខភាព នៃកម្លាំងរាងកាយ ដូចជាពពយកគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងសណ្តែកជាដើម ។
៤. មិនបញ្ចប់កិច្ចការ
មានកិច្ចការងារច្រើន ដូចជាមានដុំថ្មសង្កត់លើស្មា ដែលអាចស្រូបយក នូវថាមពលរបស់អ្នករៀងរាល់ថ្ងៃ ។អ្នកប្រហែលជាមានអារម្មណ៍ គិតច្រើនស្រ្តេស ដែលជាហេតុមិនអាច ផ្តោតការគិតបានត្រឹមត្រូវ នោះកម្លាំងថាមពលរាងកាយ ក៏ថយចុះទៅតាមនោះដែរ ។ សម្រាប់ការគ្រប់គ្រង ការងារទាំងនោះ អ្នកគួរតែធ្វើការជ្រើសរើស យកការងារណា ដែលមានសារសំខាន់ ជាងគេមកបំពេញ និងត្រូវកំណត់ពេលវេលា ឲ្យបានជាក់លាក់ ម្យ៉ាងវិញទៀត ត្រូវមានគម្រោងផែនការ ជារៀងរាល់ថ្ងៃសម្រាប់ធ្វើការងារ ។
៥.នៅជុំវិញអ្នកដែលទុទិដ្ឋិនិយម
មិត្តភក្តិ ឬអ្នករួមការងារ ដែលមានតែគំនិតទុទិដ្ឋិនិយម អាចជាដើមចមធ្វើឲ្យអ្នក អស់កម្លាំង ដែលប្រហែលជាអ្នក មិនបានចាប់អារម្មណ៍ ឬបានដឹងពីមុនមក ។ ពួកគេអាចធ្វើឲ្យអ្នកធុញទ្រាន់ បាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិត ដូច្នេះអ្នកគួររៀន រក្សាគម្លាតពីបុគ្គលប្រភេទនេះ ឲ្យបានច្រើន ។
៦.ខ្វះការគ្រប់គ្រងស្រ្តេស
ការមើលរំលង នូវអារម្មណ៍តានតឹងរបស់អ្នក អាចបង្កជាហានិភ័យកាន់តែខ្លាំង ។ យកល្អ អ្នកមិនគួរគេចវេសនោះទេ តែត្រូវរកមធ្យោបាយ ក្នុងការដោះស្រាយបញ្ហានានា ព្រោះថាវាក៏ជាកត្តាមួយ រួមចំណែកក្នុងការ បាត់បង់នូវថាមពល រាងកាយរបស់អ្នក៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា