សុខភាព និង ផ្លូវភេទ

ស្បែកស្ងួតមកពីហេតុអ្វី?

អាកាសធាតុត្រជាក់ក្តៅ និងស្រូបយកសំណើម​​ ចេញពីរាងកាយដូចជាទឹក និងប្រេងរក្សាស្បែក។ ការផ្លាស់ប្តូររបស់អាការធាតុប្រែប្រួល ប៉ុន្តែបើសិនជាអ្នកចេះរក្សាស្បែកនោះ បញ្ហាធ្វើឲ្យស្បែកស្ងួត ពិតជារលាយអស់មិនខាន។

ថ្មីៗនេះមានការស្រាវជ្រាវមួយ បានបង្ហាញថា ស្រ្តីសម័យថ្មី មានស្បែកស្ងួតកើនឡើង ខណៈដែលកាលពីមុនភាគច្រើន មានបញ្ហាស្បែកមានជាតិខ្លាញ់ ព្រោះនៅប្រទេស យើងមានអាកាសធាតុក្តៅ ។ ចំណែកមូលហេតុ ដែលធ្វើឲ្យស្បែកស្ងួតនោះ មានជាច្រើនដូចតទៅៈ

ការប្រើគ្រឿងសំអាង៖ ការប្រើគ្រឿងសំអាង មិនត្រូវនឹងលក្ខណៈស្បែក ក៏មានចំណែក ធ្វើឲ្យស្បែកស្ងួតបានដែរ ដូចជាអ្នកខ្លះចូលចិត្តសាកល្បង លុះដឹងថាមិនល្អ ក៏ប្តូមកប្រើអាថ្មីវិញ ដោយមិនបានសិក្សា ឲ្យបានច្បាស់លាស់ថា ស័ក្តសមនិង ស្បែកខ្លួនឯងឬអត់ទេ អ្នកខ្លះចង់បានត្រឹមតែបិទបាំង ផ្នែកខាងក្រៅឲ្យស្រស់ស្អាត ក៏គ្រប់គ្រាន់ទៅហើយ ដោយមិនបានដឹងថា ការបង្កទុកម្ស៉ៅ ឬគ្រឿងផាត់លាបមុខផ្សេងៗ ឬក្រែមទឹកដោះគោ ដែលមិនមានគុណភាព អាចធ្វើឲ្យស្បែកស្ងួតបាន។​​ ដូច្នេះគួរជ្រើសរើស ផលិតផលប្រើប្រាស់ ឲ្យសមនឹងស្បែក គ្រប់ពេលដែលអ្នកទិញគ្រឿងសំអាង។

អាហារបរិភោគ៖ ស្រ្តីសម័យថ្មី មិនចង់ធាត់នោះទេ ចង់មានរូបរាងស្វែល ស្រស់ស្អាតដូចនារីបង្ហាញម៉ូដ និងព្យាយាមចៀសវាងអាហារ ដែលមានជាតិខ្លាញ់ ធ្វើឲ្យខ្វះជាតិប្រូតេអ៊ីន ឬខ្លាញ់ដែលចាំបាច់ ព្រោះទទួលទានអាហារ ដែលចូលចិត្តយូរទៅ និងធ្វើឲ្យស្បែកស្ងួតបានដែរ។

ការសម្អាត ស្បែកមិនស្អាត៖ ការលាងមុខមិនស្អាត បន្សល់ទុកក្អែលម្សៅ និងវត្ថុកខ្វក់នៅតាមរន្ធរោម នៅពេកបង្កទុកយូរទៅរន្ធរោម បញ្ចេញជាតិខ្លាញ់ និងទឹកចេញមកមិនបាន និងធ្វើឲ្យស្បែកស្ងួត និងមានមុនបាន។ បើបង្កទុកយូរៗទៅ អាចនិយាយបានថា ស្បែកស្ងួតខាងក្រៅ ខ្លាញ់ខាងក្នុង។ អ្នកខ្លះខ្លាចមិនស្អាត លាងហើយលាងទៀត ធ្វើឲ្យបំផ្លាញជាតិខ្លាញ់ដែលជួយរក្សាស្បែក បើគ្មានជាតិខ្លាញ់ មកបន្ថែមនោះអាចធ្វើអោយ ស្បែកស្ងួតបាន។

មិនចាប់អារម្មណ៍ លើការថែរក្សាស្បែក៖ អ្នកខ្លះគិតថាអាយុ នៅមិនទាន់ច្រើននៅឡើយ មិនចាំបាច់ប្រើគ្រឿងសំអាងទេ ឬនៅតែគិតថា អ្នកដែលមានអាយុច្រើប៉ុណ្ណោះ ទើបប្រើគ្រឿងសំអាង បានទើបមិនប្រើធ្វើឲ្យ ស្បែកខ្វះជាតិទឹក និងប្រេងចិញ្ចឹមស្បែក ក៏ជាមូលហេតុធ្វើឲ្យស្បែកស្ងួត បានដូចគ្នាដែរ។

អាកាសធាតុ៖ អាកាសធាតុត្រជាក់និងក្តៅ និងស្រូបយកសំណើម ចេញពីរាងកាយ ដូចជាទឹកនិងប្រេងដែលជួយថែរក្សា ការផ្លាស់ប្តូរអាកាសធាតុ ធ្វើឲ្យស្បែកស្ងួត បានអាចកើតឡើង ក្នុងរយៈពេលខ្លីណាមួយ នៃការប្រែប្រួល របស់អាកាសធាតុ តែបើថែរក្សាស្បែកជាប្រចាំ អាចគ្មានបញ្ហាកើតឡើងទេ។

អត់ងងុយច្រើន៖ មនុស្សដែលអត់ងងុយញឹកញាប់ កោសិកាស្បែក មិនមែនមានពេលសម្រាក ធ្វើឲ្យស្បែកធ្វើការខ្លាំង ត្រូវការបាត់បង់ជាតិទឹក និងប្រេងចិញ្ចឹមស្បែក ធ្វើឲ្យមានស្បែកស្ងួត ដូចគ្នាបានដែរ។

ទឹកតែ កាហ្វេ និងសុរា៖ ការទទួលទានតែ កាហ្វេ និងស្រាច្រើនពេក ក៏ធ្វើឲ្យស្បែកស្ងួតបានដែរ។ មនុស្សដែលញៀនស្រា ញៀនកាហ្វេ និងធ្វើឲ្យស្បែកស្ងួតបាន។

ការតប់ត្រមល់ តានតឹងអារម្មណ៍៖ មនុស្សយើងតែងតែ មានរឿងត្រូវគិតកត្តានេះ ធ្វើឲ្យកោសិកាស្បែក ធ្វើការខ្លាំងឡើង អាចធ្វើឲ្យស្បែកស្ងួត ចំពោះមនុស្សខ្លះបានដែរ។

មិនចូលចិត្តហាត់ប្រាណ៖ មនុស្សដែលមិនចូលចិត្តហាត់ប្រាណ ធ្វើឲ្យលំហូរចុះឡើងរបស់ឈាម មិនមានភាពទៀតទាត់ អាចធ្វើឲ្យស្បែកស្ងួតបាន។

រដូវមិនទៀង៖​ មនុស្សដែលមានរដូវមិនប្រក្រតី ដូចជាជួនកាលមានរដូវមកច្រើនពេក ឬមកតិចពេកឬ មកពុំទៀងទាត់ធ្វើឲ្យ ស្បែកស្ងួតបាន។ ដូច្នេះត្រូវថែរក្សាសុខភាពឲ្យបានល្អ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកដឹង ពីមូលហេតុស្បែកស្ងួតហើយ បើចង់ឲ្យស្បែកមានសំណើម ស្រស់ស្អាតជានិច្ច គួរចៀសវាងមូលហេតុ ដូចបានពោលមកខាងលើនេះ ព្យាយាមរៀបចំការរស់នៅ ឲ្យមានភាពល្អ ហើយអនុវត្តជាប្រចាំ។ លើកលែងតែមូលហេតុខ្លះ ដែលអ្នកមិនអាចធ្វើបាន ដែលត្រូវទៅពិគ្រោះ ជាមួយនឹងគ្រូពេទ្យ ឬអ្នកឯកទេសផ្នែកនេះឲ្យជួយ ដើម្បីឲ្យមានសុខភាពល្អ។

បើទុកឲ្យស្បែកស្ងួត ដោយមិនដោះស្រាយ ឬកែប្រែបន្ថែមទេនោះ នៅពេលមានអ្នកមានអាយុច្រើន ស្បែកនឹងស្ងួតជ្រីវជ្រួញ ធ្វើឲ្យចាស់មុនវ័យ ធ្វើឲ្យភាពស្រស់ថ្លា របស់អ្នករលត់បាត់អស់។

ដូច្នេះនៅពេលដែលអ្នក បានដឹងអំពីបញ្ហាស្បែកនេះហើយ អ្នកគួរតែចាប់ផ្តើមថែរក្សា ចាប់ពីថ្ងៃនេះតទៅ ជាពិសេសត្រូវសំរេចឲ្យបានច្បាស់ មុននឹងជ្រើសរើសប្រើ ផលិតផលគ្រឿងសំអាងណាមួយ។ ត្រូវគិតថាតើផលិតផលនេះ ស័ក្តសម នឹងលក្ខណៈស្បែកអ្នកឬទេ? ប្រសិនបើមិនប្រាកដនៅក្នុងចិត្ត គួរទៅពិគ្រោះជាមួយ អ្នកជំនាញផ្នែកស្បែក ដើម្បីសុំការណែនាំ៕

Most Popular

To Top