មនុស្សជាច្រើនបានរិះរកវិធីសាស្រ្ត ក្នុងការថែទាំសក់ មិនឲ្យជ្រុះបន្ទាប់ពីកើតមាន បញ្ហាជ្រុះសក់រួចទៅហើយ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមវា ឲ្យលឿនបន្តិច មានន័យថានៅពេលដែលអ្នក នៅមានសក់ពេញក្បាលនោះ វានឹងមានប្រសិទ្ធិភាពខ្ពស់ ហើយក៏ចំណេញ ទាំងផ្នែកស្មារតី និងថវិកា ។
ការពិតទៅការបង្ការសក់ជ្រុះ គឺជាដំណាក់កាលដ៏សាមញ្ញមួយ ជាជាងការព្យាបាលការជ្រុះសក់ ដោយវាជួយបំប៉នសក់របស់អ្នក បានយ៉ាងល្អ ។ បើសិនជាអ្នកថែទាំសក់ ដែលលោកអ្នកមានបានល្អ នោះអ្នកនឹងមានភាពទាក់ទាញ ជាមួយនឹងសក់ដែលមានសុខភាពល្អ ។ ខាងក្រោមនេះគឺជាគន្លឺះមួយចំនួន ដែលអាចជួយបង្ការសក់ មិនឲ្យជ្រុះបាន សូមសាកល្បងមើល!
អនាម័យសក់របស់អ្នក៖ សក់ដែលកខ្វក់គឺងាយនឹងចម្លងរោគ ក៏ដូចជាធ្វើឲ្យសក់ជ្រុះផងដែរ ដូច្នេះអ្នកត្រូវតែថែរក្សាសក់ របស់អ្នកឲ្យស្អាតជានិច្ច ។ គួរតែទិញសាប៊ូ និងផលិតផលថែទាំសក់ ដែលមានគុណភាពល្អ ។ ត្រូវប្រើប្រាស់សាប៊ូ ក្នុងបរិមាណសមស្រប ទៅលើស្បែកក្បាលរួចអេះវាថ្មមៗ ។ នៅពេលដែលអ្នកប្រើប្រាស់ ក្រែមបន្ទន់សក់ ឬផលិតផលថែទាំសក់ អ្នកគួរលាបវានៅចុងសក់ ឲ្យបានច្រើន ព្រោះផ្នែកនេះវាជាផ្នែក ដែលខូចខាតច្រើនជាងគេ ហើយងាយ នឹងខូចពេលប៉ះកម្តៅ ។
ការរស់នៅប្រកបដោយសុខភាព៖ សក់ក៏ដូចជាស្បែក និងក្រចកផងដែរ ដែលវាហាក់បីដូចជា ឧបករណ៍វាស់ស្ទង់នូវសុខភាព របស់យើង បើសិនជាអ្នកមានសុខភាពល្អ សក់របស់អ្នកមើលទៅ ក៏មានសុខភាពល្អ ហើយប្រសិនបើសក់ របស់អ្នកជ្រុះវិញ នោះវាអាចជារោគសញ្ញា នៃបញ្ហាសុខភាពមួយចំនួន ។
ដូច្នេះកត្តាទាំងឡាយ ដែលធ្វើឲ្យអ្នកមានសុខភាពល្អ វាក៏ជាការបំប៉នសក់របស់អ្នកដែរ ។ ការទទួលទានបន្លែ និងផ្លែឈើសម្បូរ ទៅដោយវីតាមីន បេ ជាតិដែក កាល់ស្យូម និងស័ង្កសី វាមានប្រសិទ្ធិភាពខ្ពស់ ដល់សុខភាពសក់របស់អ្នក ។
អ្នកគួរតែទទួលទានរបបអាហារ ដែលមានប្រូតេអ៊ីន ខ្ពស់ នឹងផឹកទឹកបានគ្រប់គ្រាន់ ជាការប្រការដ៏ល្អមួយផងដែរ ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា