សុខភាព និង ផ្លូវភេទ

ការសិក្សា៖ការទទួលទាន ផ្លែវ៉លណាត់ កន្លះពែងជារៀងរាល់ថ្ងៃ កាត់បន្ថយហានិភ័យ នៃជំងឺបេះដូង និងបន្ថយកម្រិត កូឡេស្តេរ៉ុលប្រហែល ៨.៥%

បាសេឡូណា៖ការស្រាវជ្រាវបានរកឃើញថា ការទទួលទានផ្លែវ៉លណាត់ ពាក់កណ្តាលពែងទៅក្នុងរបបអាហារប្រចាំថ្ងៃ របស់អ្នកអាចបន្ថយកម្រិតកូឡេស្តេរ៉ុលរបស់អ្នកបានប្រហែល ៨.៥ ភាគរយ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Clínic de Barcelona បានជ្រើសរើសមនុស្សពេញវ័យចំនួន ៦២៨ នាក់ហើយដាក់ពាក់កណ្តាលនៃពួកគេក្នុងរបបអាហាររួមបញ្ចូលទាំងការទទួលទានផ្លែវ៉លណាត់ប្រចាំថ្ងៃ។ បន្ទាប់ពី២ឆ្នាំ ក្រុមនេះបានរកឃើញថា អ្នកទទួលទានផ្លែវ៉លណាត់ក៏មានការថយចុះតិចតួចដែរនៅក្នុង កម្រិតកូឡេស្តេរ៉ុលដង់ស៊ីតេទាប (LDL) របស់ពួកគេ។

កម្រិត LDL ខ្ពស់ដែលពេលខ្លះត្រូវបានគេហៅថា កូលេស្តេរ៉ុលអាក្រក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើង ហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកចូលរួមក្នុងការសិក្សា បានទទួលទានផ្លែវ៉លណាត់ជារៀងរាល់ថ្ងៃ បានកាត់បន្ថយទាំងចំនួនភាគល្អិត LDL សរុបនៅក្នុងឈាមរបស់ពួកគេ និងជាពិសេស ចំនួនភាគល្អិត LDL តូច។

យោងតាមសមាគមបេះដូងអាមេរិកថា ផ្លែវ៉លណាត់មានអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ជាខ្លាញ់ ដែលមានសុខភាពល្អមាននៅក្នុងត្រីខ្លាញ់។ អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកអាហារូបត្ថម្ភលោក Emilio Ros នៃមន្ទីរពេទ្យ Clínic de Barcelona ប្រទេសអេស្ប៉ាញបាននិយាយថា ការសិក្សាមុន ៗ បានបង្ហាញថា គ្រាប់ធម្មជាតិជាទូទៅ និងផ្លែវ៉ាល់ណាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្រាទាប នៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។

ហេតុផលមួយគឺថាពួកគេបន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL ហើយឥឡូវនេះយើងមានហេតុផលមួយទៀត គឺពួកគេធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃភាគល្អិត LDL ។ ភាគល្អិត LDL មានទំហំខុសៗគ្នា។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ភាគល្អិត LDL តូចក្រាស់ជាញឹកញាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺក្រិនសរសៃឈាមបន្ទះ ឬខ្លាញ់ដែលបង្កើតឡើងនៅក្នុងសរសៃឈាម៕ ដោយ៖លី ភីលីព

Most Popular

To Top