បញ្ហាក្ដៀន ឬទល់លាមកតែងតែកើតឡើងជាញឹកញាប់ចំពោះកុមារតូចៗ ដែលធ្វើឱ្យលាមកអូនតូច ឡើងរឹង និងពិបាកបញ្ចេញមកក្រៅ។ ជាទូទៅប៉ាម៉ាក់តែងប្រើថ្នាំសុលក្តៀនដើម្បីជួយបន្ទន់លាមកអូនតូច។ តើក្មេងអាយុប៉ុន្មានទើបអាចប្រើថ្នាំសុលក្តៀនបាន?
ឱសថការី ប៉េង វួចងី បានលើកឡើងថា ទារកចាប់ពីអាយុ ៦ ខែឡើងទៅទើបអាចប្រើថ្នាំសុលក្តៀនបាន ករណីទារកអាយុក្រោម ៦ ខែទល់លាមកយូរ ប៉ាម៉ាក់ប្រើគ្រប់វិធីសាស្រ្តជួយអូនតូចហើយនៅតែមិនបាត់ទល់លាមក ប៉ាម៉ាក់គួរនាំអូនតូចទៅជួបគ្រូពេទ្យជំនាញកុមារប្រសើរជាងទិញថ្នាំសុលដោយខ្លួនឯង។ ចំណែកអូនតូចដែលមានអាយុលើស ៦ ខែទល់លាមកយូរ ប៉ាម៉ាក់សុលហើយត្រូវសុលទៀតក៏ត្រូវនាំអូនតូចទៅជួបគ្រូពេទ្យជំនាញកុមារដែរ។
ឱសថការីរូបនេះក៏បានបន្តថា ថ្នាំសុលខុសគ្នាទៅតាមប្រភេទថ្នាំ ថ្នាំខ្លះអាចប្រើបានចំពោះក្មេងអាយុ ៦ខែ ខ្លះទៀត១ឆ្នាំ ឬក៏លើសពីនេះ ហេតុនេះចៀសវាងកូនមានបញ្ហា យើងត្រូវសាកសួរឱសថការី ឬគ្រូពេទ្យឲ្យបានច្បាស់មុននឹងប្រើ។
អូនតូចដែលក្តៀន ឬទល់លាមកមានអាការៈដូចជា៖
- ឈឺពោះ (ឈឺបាត់ៗ)
- មិនសូវឃ្លាន
- ឆាប់ខឹង ឬមួមៅ
- ហើមពោះ និងមានដុំពក (ដុំលាមក) រឹងៗ ប្រសិនបើយើងសង្កត់លើពោះអូនតូចថ្នមៗ
- ឈឺពេលប្រឹងបត់ជើងដោយសារប្រេះរន្ធគូទ (ប្រេះស្បែកបន្តិចនៅជុំវិញរន្ធគូទ)
ឱសថការីរូបនេះក៏បានបន្ថែមថា ក្នុងករណីអូនតូចទល់លាមកម៉ាក់ប៉ាអាចសាកល្បងម៉ាស្សាពោះអូនតូចថ្នមៗពីលើចុះក្រោមដើម្បីជួយសម្រួលចលនាពោះវៀនឱ្យឆាប់បញ្ចេញលាមកមកក្រៅ និងឱ្យអូនតូចញុំាទឹកឱ្យបានច្រើន។ ជាពិសេសប៉ាម៉ាក់ត្រូវបញ្ជូលបន្លែ និងផ្លែឈើក្នុងរបបអាហាររបស់អូនតូចក្នុងករណីអូនតូចមានអាយុចាប់ពី ៦ ខែឡើងទៅ ឬអាចញុំាអាហារបាន ដើម្បីជួយអូនតូចបន្ទោបង់មុននឹងសុលឱ្យអូនតូច។ ប្រភព៖http://health