សុខភាព និង ផ្លូវភេទ

ការស្រាវជ្រាវ៖ ការកាត់បន្ថយ ទំហំអាហារថ្ងៃត្រង់​ របស់អ្នកនៅអាហារដ្ឋាន ការិយាល័យត្រឹមតែ ១៤% អាចជួយអ្នកសម្រកទម្ងន់

អង់គ្លេស៖ តាមសិក្សាស្រាវជ្រាវ បានរកឃើញថា ជារឿយៗវាងាយស្រួល​ ក្នុងការទទួលទាន អាហារច្រើនពេកនៅអាហារដ្ឋាន នៅកន្លែងធ្វើការ សម្រប់អាហារថ្ងៃត្រង់ បន្ទាប់ពីពេលព្រឹក ដោយភាពអត់ឃ្លាន នៃការងារច្រើន និងជាប់រវល់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ប៉ុន្តែការសិក្សាថ្មីមួយ ពីក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Cambridge បានបង្ហាញថា ក្រុមហ៊ុនរបស់អ្នកធ្វើការ ផ្លាស់ប្តូរមុខម្ហូបបន្តិចបន្តួច អាចជួយកាត់បន្ថយហានិភ័យ នៃការធាត់លើសទម្ងន់។ ការពិសោធន៍អ្នកស្រាវជ្រាវ បានកែប្រែជម្រើសនៅអាហារដ្ឋាន និងកន្លែងធ្វើការចំនួន ១៩ របស់ចក្រភពអង់គ្លេស ដោយការផ្លាស់ប្តូរផលិតផល ដែលមានកាឡូរីខ្ពស់ខ្លះ សម្រាប់អាហារមានកាឡូរីទាប និងកាត់បន្ថយទំហំចំណែក នៃផលិតផលមានកាឡូរីខ្ពស់ ១៤ ភាគរយ។

ពួកគេបានរកឃើញថា ការផ្លាស់ប្តូរទាំង២ នឹងរួមបញ្ចូលគ្នា បានកាត់បន្ថយ ១១,៥ ភាគរយនៃចំនួនកាឡូរីជាមធ្យម ដែលបុគ្គលិកបានទិញក្នុងមួយថ្ងៃ។ អ្នកវិទ្យាសាស្ត្រនិយាយថា ការទទួលទានកាឡូរី ច្រើនជាងតម្រូវការ គឺជាទម្រង់នៃការទទួលទានអាហារ ដែលមិនមានសុខភាពល្អ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនអត្រាធាត់។

នេះបង្កើនហានិភ័យ នៃជំងឺដូចជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង និងជំងឺមហារីកជាច្រើន ដែលរួមចំណែកដល់ការបង្កើនអត្រា នៃការស្លាប់មុនអាយុ នៅទូទាំងពិភពលោក។ អ្នកស្រាវជ្រាវ លោក James Reynolds មកពីអង្គភាពស្រាវជ្រាវអាកប្បកិរិយា និងសុខភាពនៅសាកលវិទ្យាល័យ Cambridge បាននិយាយថា ជាមធ្យមមនុស្សពេញវ័យ នៅចក្រភពអង់គ្លេស ប្រើប្រាស់កាឡូរីលើសពី ២០០ ទៅ ៣០០ ក្នុងមួយថ្ងៃ។

ការសិក្សានេះបង្ហាញថា ការកាត់បន្ថយទំហំចំណែក និងការផ្តល់ជម្រើសកាឡូរីខ្ពស់ នៅតាមហាងកាហ្វេ អាចរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយកាឡូរី លើសនៃយុទ្ធសាស្ត្រ ដើម្បីដោះស្រាយការធាត់។ ប្រសិនបើហាងកាហ្វេ កន្លែងធ្វើការ សាលារៀន និងសាកលវិទ្យាល័យអនុវត្ត ការផ្លាស់ប្តូរទាំងនេះ អាចជួយកាត់បន្ថយ ការទទួលទានកាឡូរីច្រើន និងជួយដល់កិច្ចខិតខំប្រឹងប្រែង យ៉ាងទូលំទូលាយដើម្បីកាត់បន្ថយ ការធាត់កម្រិតប្រជាជន៕ ដោយ៖លី ភីលីព

Most Popular

To Top