សុខភាព និង ផ្លូវភេទ

អត្ថប្រយោជន៍ នៃការទទួលទាន សណ្តែកដី

សណ្តែកដី គឺជាមើមរុក្ខជាតិមួយប្រភេទ ដែលមានភាពពេញនិយមខ្លាំងបំផុត ពីសំណាក់មនុស្សភាគច្រើន ហើយវាត្រូវបានគេប្រើបន្ថែម នៅក្នុងអាហារផ្សេងៗ រួមទាំងនំមួយចំនួនផងដែរ។ ប៉ុន្តែបើយោងតាមអ្នកជំនាញ ផ្នែកឱសថនៅប៉ែកបូព៌ាបានបង្ហាញថា សណ្តែកដីត្រូវបានប្រើធ្វើជា ឱសថព្យាបាលជំងឺជាច្រើនមុខ ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដែលបានមកពីការទទួលទាន សណ្តែកដីជាប្រចាំ៖

កាត់បន្ថយបញ្ហាបាត់បង់ការចង់ចាំ
កម្រិតខ្ពស់នៃសារធាតុ niacin នៅក្នុងសណ្តែកដី អាចកែលម្អរកោសិកាដែលត្រូវបំផ្លាញ ខណ:ដែលវាអាចជួយប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺវង្វេង និងការយល់ដឹងដែល ទាក់ទងទៅនឹងអាយុ។

កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ការសិក្សាជាច្រើនបានបង្ហាញថា សណ្តែកដី មានសក្តានុពលក្នុងការ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ សណ្តែកដីសម្បូរទៅ ដោយសារធាតុខ្លាញ់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាអាស៊ីត oleic ប្រសិនបើអ្នកបរិភោគបានទៀងទាត់ អាចកាត់បន្ថយអត្រានៃជំងឺបេះដូង ៣៥ភាគរយ។

ជាពិសេស ស្ត្រីរាំងរដូវដែលបាន ទទួលទានសណ្តែកដី ទៀងទាត់អាចកាត់បន្ថយហានិភ័យ នៃជំងឺសរសៃឈាមបេះដូង។ ការទទួលទានសណ្តែកដី យ៉ាងហោចណាស់ ៤ដងក្នុងមួយសប្តាហ៍ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមបេះដូង។

កាត់បន្ថយកូលេស្តេរ៉ុល
សណ្តែកដី សម្បូរទៅដោយអាស៊ីតខ្លាញ់ monounsaturated ដែលអាចជួយកាត់បន្ថយ កម្រិតកូលេស្តេរ៉ុលអាក្រក់ ក្នុងរាងកាយ ដូច្នេះអ្នកនឹងជៀសផុតពីជំងឺបេះដូង និងជំងឺសរសៃឈាមបេះដូង។ លើសពីនេះ សណ្តែកដីគ្មានផ្ទុកជាតិអំបិល ដែលបង្កគ្រោះថ្នាក់ដល់សរសៃឈាម និងបេះដូង ឡើយ។

កាត់បន្ថយជាតិស្ករក្នុងឈាម
អ្នកដែលមានជំងឺទឹកនោមផ្អែម គួរប្រើប្រាស់សណ្តែកដី ជាប្រចាំ ព្រោះវាសម្បូរទៅដោយ សារធាតុម៉ង់ហ្គាណែស ដែលអាចជួយក្នុងការស្រូបជាតិខ្លាញ់ និងជាតិស្ករពីក្នុងសរសៃឈាម។ តែទោះជាយ៉ាងណាក៏ដោយ កុំទទួលទានច្រើនហួសហេតុពេក។

កាត់បន្ថយហានិភ័យ ក្រួសក្នុងថង់ប្រមាត់
សណ្តែកដី មានសមត្ថភាពសំខាន់មួយទៀត គឺអាចកាត់បន្ថយហានិភ័យ នៃជំងឺក្រួសក្នុងថង់ប្រមាត់។ មិនតែប៉ុណ្ណោះវាក៏អាចប្រឆាំង នឹងការឆ្លងមេរោគក្នុងថង់ប្រមាត់ និងថ្លើមរហូតដល់ ២៥ភាគរយ៕

Most Popular

To Top