ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក អនុម័តលក់ឧទ្ធម្ភាគចក្រ Black Hawk ឲ្យហ្សកដានី

បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័តកិច្ចព្រមព្រៀង មានទំហំទឹកប្រាក់២៣លានដុល្លារ លក់ឧទ្ធម្ភាគចក្រ UH-60M Black Hawk មួយគ្រឿង និងសម្ភារៈពាក់ព័ន្ធ ឲ្យដល់រដ្ឋាភិបាល នៃប្រទេសហ្សកដានី នេះបើតាមការប្រកាស របស់ទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ។

យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិសហរដ្ឋអាមេរិក រដ្ឋាភិបាលនៃប្រទេសហ្សកដានី បានស្មើសុំទិញឧទ្ធម្ភាគចក្រ UH-60M Black Hawk មួយគ្រឿង តាមស្តង់ដារកងទ័ពអាមេរិក រួមជាមួយសម្ភារៈពាក់ព័ន្ធ ដោយរួមមានទាំងប្រព័ន្ធ ព្រមានមីស៊ីលធម្មតា សេវាកម្មអភិវឌ្ឍន៍ និងគាំទ្រកម្មវិថីសូហ្វវែ AMPS និងកត្តាពាក់ព័ន្ធផ្សេងទៀត នៃការដឹកជញ្ជូន វិស្វកម្ម និងការគាំទ្រផ្នែកកម្មវិធី។

សេចក្តីប្រកាស របស់ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិសហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា “ការលក់ដែលស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយបរទេស និងសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការជួយធ្វើឲ្យប្រសើរឡើង នូវសន្តិសុខសម្ព័ន្ធមិត្ត មិនមែនសមាជិកណាតូដ៏ធំមួយ ដែលជាកម្លាំងដ៏សំខាន់ សម្រាប់ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងតំបន់មជ្ឈិមបូព៌ា”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top