ព័ត៌មានអន្តរជាតិ

ទីបញ្ជាការ ចាប់ផ្តើមបេសកកម្ម ហ្វឹកហាត់ យន្តហោះ ទម្លាក់គ្រាប់ B-52 នៅអាហ្វ្រិកខាងជើង

បរទេស ៖ ទីបញ្ជាការយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើបេសកកម្មហ្វឹកហាត់ អន្តរប្រតិបត្តិការ យន្តហោះទម្លាក់គ្រាប់ទំនើប B-52 ក្នុងដំណើរគាំទ្រ របស់ទីបញ្ជាការអាហ្វ្រិក របស់សហរដ្ឋអាមេរិក ប្រចាំនៅក្នុងតំបន់អាហ្វ្រិកខាងជើង នៅថ្ងៃចន្ទសប្ដាហ៍នេះ ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា តាមការឲ្យដឹងពីទីបញ្ជាការ AFRICOM យន្តហោះទម្លាក់គ្រាប់ B-52 បានចូលរួម ក្នុងបេសកកម្មដំបូងមួយ ជាមួយយន្តហោះចម្បាំង F-16 ចំនួន៤គ្រឿងរបស់ប្រទេសមារ៉ុក។

លោកឧត្តមសេនីយ៍ Joel Tyler ជាប្រធានប្រតិបត្តិការ របស់ទីបញ្ជាការប្រចាំនៅអាហ្វ្រិក របស់សហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការធ្វើ បេសកកម្មទាំងនេះ ជាមួយដៃគូអាហ្វ្រិកនានា របស់យើង បង្ហាញឲ្យឃើញនូវសេចក្តីសម្រេចយុទ្ធសាស្ត្រ របស់កងកម្លាំងរួមរបស់យើង និងការប្តេជ្ញារួមរបស់យើង ក្នុងការទប់ស្កាត់ ឥទ្ធិលអាក្រក់នៅអាហ្វ្រិក។ សន្តិសុខនិងស្ថិរភាព របស់ទ្វីបអាហ្រ្វិក នៅតែជាផលប្រយោជន៍ សំខាន់របស់អាមេរិក”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top