ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ច្រានចោល ទង្វើអាមេរិកឲ្យដាក់ទណ្ឌកម្មយូអិនឡើងវិញ និងប្តេជ្ញាធ្វើការឆ្លើយតបវិញ

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានប្តេជ្ញាធ្វើការឆ្លើយតបវិញ ចំពោះទង្វើឯកតោភាគីរបស់សហរដ្ឋអាមេរិក ដែលឲ្យដាក់ឡើងវិញ នូវទណ្ឌកម្ម អង្គការសហប្រជាជាតិទាំងអស់ លើទីក្រុងតេអេរ៉ង់។

ទីភ្នាក់ងារសារព័ត៌មាន សាធារណរដ្ឋឥស្លាម ដែលជារបស់រដ្ឋនៃប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា នៅក្នុងសុន្ទរកថា ដែលផ្សាយលើកញ្ចក់ទូរទស្សន៍ នៅក្នុងអំឡុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃអាទិត្យ លោក រ៉ូហានី បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក​ ចង់ពាក់ព័ន្ធក្នុងការសម្លុតគម្រាមនោះ អាមេរិកនឹងប្រឈមមុខ ចំពោះការឆ្លើយតបដ៏ខ្លាំងក្លាពីអ៊ីរ៉ង់។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីរាត្រីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិករំពឹងថា ប្រទេសជាសមាជិក អង្គការសហប្រជាជាតិទាំងអស់ នឹងគោរពតាមយ៉ាងពេញលេញ នូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីអនុវត្តវិធានការទាំងនេះ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top