ព័ត៌មានអន្តរជាតិ

យុវជនវៀតណាមម្នាក់ លក់សង្សាររបស់ខ្លួន ដែលស្គាល់តាមអ៊ិនធ័រណិត ឱ្យជនជាតិចិន ក្នុងតម្លៃ ១៥លានដុង

បរទេស៖ ប៉ូលីសនៅភាគខាងជើង ប្រទេសវៀតណាម បានឃាត់ខ្លួនបុរសអាយុ ២០ ឆ្នាំម្នាក់កាលពីថ្ងៃអង្គារ ពីបទលក់សង្សាររបស់ខ្លួនទៅឱ្យជនជាតិចិនម្នាក់ក្នុងតម្លៃ ១៥ លានដុង (៦៤៥ ដុល្លារ) ។ ក្រោយមក យុវជនដែលគេស្គាល់ថា ឈ្មោះ ត្រាន់ទៀនម៉ាន់ ត្រូវបានស៊ើបអង្កេតពីបទជួញដូរមនុស្ស។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់ប៉ូលីសថា ត្រាន់ទៀនម៉ាន់ បានជួបនារីអាយុ ១៩ ឆ្នាំម្នាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានបង្កើតទំនាក់ទំនងស្នេហាជាមួយនាង ។ កាលពីថ្ងៃទី ១៧ ខែកក្កដា ត្រាន់ទៀនម៉ាន់ បានប្រាប់មិត្តស្រីរបស់ខ្លួនថា គាត់ចង់នាំនាងទៅប្រទេសចិនដើម្បីទៅលេងម្តាយចិញ្ចឹម។

ប៉ុន្តែនៅពេលដែលអ្នកទាំងពីរ ទៅដល់តំបន់ព្រំដែនក្នុងទីប្រជុំជន ម៉ុងកៃ ខេត្តក្វាងនិញ គាត់បានលក់នាងអោយជនជាតិចិនម្នាក់ ដែលមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណក្នុងតម្លៃ ១៥ លានដុង។ បន្ទាប់ពីស្នាក់នៅប្រទេសចិន អស់រយៈពេល ២ ខែ មិត្តស្រីរបស់យុវជនខាងលើ បានរត់គេចខ្លួន ហើយវិលត្រឡប់ទៅប្រទេសវៀតណាមវិញ។ នាងបានរាយការណ៍រឿងនេះទៅប៉ូលីស។

នៅប្រទេសចិន នាងធ្វើជាភរិយា របស់បុរសជនជាតិចិន ប៉ុន្តែនាងត្រូវបានគេចាត់ទុក ដូចជាអ្នកទោស ហើយមិនត្រូវបានអនុញ្ញាត ឱ្យចេញទៅក្រៅផ្ទះទេ ប៉ុន្តែនាងឆ្លៀតយកឱកាស រត់គេចខ្លួនបានសម្រេច៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top