បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មថ្មីៗលើ វិស័យហិរញ្ញវត្ថុរបស់ប្រទេសអ៊ីរ៉ង់ ផ្តោតគោលដៅលើធនាគារចំនួន១៨ ក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយ ថែមទៀតនូវប្រាក់ចំណូលអ៊ីរ៉ង់ ស្របពេលទីក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់ នៅប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតអាមេរិក។
ទណ្ឌកម្មថ្មីនេះ បង្អកទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិក របស់អ្នកណាមួយដែល មានឈ្មោះក្នុងបញ្ជីខ្មៅ និងជាទូទៅហាមមិនឲ្យជនជាតិអាមេរិក រកស៊ីជាមួយពួកគេ ទន្ទឹមនឹងការបន្តដាក់ទណ្ឌកម្មបន្ទាប់បន្សំ ចំពោះអ្នកដែលធ្វើជំនួញជាមួយពួកគេ ហើយនេះមានន័យថា ធនាគារបរទេសមានហានិភ័យខាតបង់ មិនបានចូលទៅក្នុងទីផ្សារ និងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារអាមេរិក បាននិយាយថា ការហាមឃាត់នោះ មិនបានអនុវត្តចំពោះប្រតិបត្តិការ លក់ដូរទំនិញកសិកម្ម ចំណីអាហារ ឱសថនិងឧបករណ៍ពេទ្យឲ្យទៅប្រទេសអ៊ីរ៉ង់ទេ ដោយនិយាយថា ខ្លួនបានយល់ពីតម្រូវការសម្រាប់ ទំនិញផ្នែកមនុស្សធម៌ ៕
ប្រែសម្រួល៖ ប៉ាង កុង
