លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook បានទម្លាយប្រាប់មូលហេតុពិតថាតើ “ហេតុអ្វីលោកពាក់អាវយឺតដដែលរាល់ថ្ងៃអីចឹង?” នៅក្នុងវេទិកាសំណួរ-ចម្លើយជាសាធារណៈលើកដំបូងកាលពីឆ្នាំ ២០១៤។ មនុស្សគ្រប់គ្នារំពឹងថា Zuckerberg នឹងឆ្លើយបែបកំប្លែង ដឹងអីលោកបានផ្ដល់ចម្លើយយ៉ាងម៉ឺងម៉ាត់មួយធ្វើឲ្យអ្នកក្នុងវេទិកាស្ញប់ស្ញែង។
លោកបាននិយាយថា “ខ្ញុំពិតជាធ្វើឲ្យជីវិតខ្ញុំស្អាតបរិសុទ្ធ ដើម្បីអាចធ្វើការសម្រេចចិត្តតិចតាមដែលអាចធ្វើទៅបាន”។ សូម្បីតែការសម្រេចតូចៗដូចជាជ្រើសរើសសម្លៀកបំពាក់ ឬអាហារទទួលទានពេលព្រឹក អាចនឹងនឿយហត់ និងខាតកម្លាំង ហើយលោកមិនចង់ខ្ជះខ្ជាយពេលវេលាលើបញ្ហានេះឡើយ។
លោកបន្តថា “ខ្ញុំពិតជាសំណាងក្នុងមុខតំណែងនេះដែលភ្ញាក់ឡើងរាល់ថ្ងៃត្រូវជួយបម្រើដល់មនុស្សជាង ១ ពាន់លាននាក់។ ហើយខ្ញុំមានអារម្មណ៍មិនបានធ្វើការងាររបស់ខ្ញុំ បើសិនខ្ញុំចំណាយថាមពលខ្ញុំលើរឿងគ្មានប្រយោជន៍ ឬរឡិករឡក់លើជីវិតខ្ញុំ”។ ប្រធានក្រុមហ៊ុនវ័យក្មេងរូបនេះបញ្ជាក់យ៉ាងម៉ឺងម៉ាត់។ ប្រិយមិត្តក៏អាចសម្គាល់ឃើញថា ជាទូទៅ រាល់ព្រឹត្តិការណ៍សាធារណៈទាំងអស់ Zuckerberg តែងតែពាក់អាវយឺតប្រផេះដដែលៗ៕ ប្រភព ៖ sabay








