បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ថា លោកនឹងបន្តធ្វើការងារជាមួយប្រទេសចិន ដើម្បីបញ្ចប់សង្គ្រាម និងកសាងសន្តិភាពយូរអង្វែង នៅលើឧបទ្វីបកូរ៉េ នេះបើតាមការឲ្យដឹងពីការិយាល័យរបស់លោក។
វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយប្រាប់ដូច្នេះថា លោក មូន ជេអ៊ីន បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលបាននិយាយប្រាប់លោកថា ចំណងមិត្តភាពទ្វេភាគី នឹងយកឈ្នះការរាតត្បាតនៃមេរោគកូរ៉ូណា បង្កើតបានភាពជាដៃគូដ៏ល្អ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានធ្វើដំណើរទៅដល់រដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃពុធ ក្រោយដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសជប៉ុន ស្របពេលដែលរដ្ឋាភិបាលអាស៊ីនានា ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរផ្សេងៗ ក្រោមរដ្ឋបាលអាមេរិកថ្មី៕
