ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់កូរ៉េខាងត្បូង Samsung Electronics បានដាក់បង្ហាញទូរស័ព្ទស៊េរីទំនើបចុងក្រោយ របស់ខ្លួនគឺ Galaxy S21ប្រព័ន្ធ 5G នៅប្រទេសចិន ក្នុងគោលបំណង ដើម្បីទទួលបានចំណែកទីផ្សារធំជាងមុ ននៅលើទីផ្សារទូរស័ព្ទធំបំផុត របស់ពិភពលោក។
លោក Choi Seung-sik ប្រធានក្រុមហ៊ុន Samsung Electronics China បានថ្លែងនៅក្នុងពិធីសម្ពោធផលិតផល តាមអ៊ីនធើណេតថា បច្ចុប្បន្នស្មាតហ្វូនបានក្លាយ ជាផ្នែកមួយដែលមិនអាចខ្វះ បាននៅជីវិតរបស់យើង ហើយវីដេអូក៏ជាមធ្យោបាយដ៏សំខាន់ សម្រាប់យើងទំនាក់ទំនងគ្នាផងដែរ។
លោកបានកត់សម្គាល់ថា ក្រុមហ៊ុន Samsung សង្ឃឹមថានឹងផ្តល់នូវបទពិសោធន៍ ទូរស័ព្ទចល័តផ្ទាល់ខ្លួនបន្ថែមទៀត ដែលធ្វើឲ្យជីវិតមនុស្សកាន់តែប្រសើរ និងផ្តល់ឲ្យពួកគេនូវសេរីភាពក្នុងការបញ្ចេញមតិ។
ទូរស័ព្ទ Galaxy S21 5G បំពាក់ដោយអេក្រង់ប្រភេទ AMOLED ទំហំ ៦,២ អ៊ីញជាមួយនឹងកម្រិតភាព ស្រស់ស្រាយ ១២០ Hz សម្រាប់សម្រួលដល់ការរមូរ និងមើលកាន់តែច្បាស់ ព្រមទាំងកាមេរ៉ាបំពាក់ដោយបញ្ញា សិប្បនិម្មិតផ្តល់បទពិសោធន៍ថតរូបបែបអាជីពសម្រាប់អ្នក ប្រើប្រាស់ ដែលចូលចិត្តការបង្កើតវីដេអូ។
ឧបករណ៍នេះមានតម្លៃចាប់ពី ៤៩៩៩ យន់ (៧៧១ ដុល្លារ) ឧបករណ៍នេះមានបន្ទះឈីបស្មាតហ្វូនស៊េរីថ្មីនិងទំនើបបំផុតដែលមិនទាន់មាននៅក្នុងស៊េរី Galaxy សម្រាប់ល្បឿនកាន់តែលឿន ប្រសិទ្ធភាពថាមពល និងសមត្ថភាពកុំព្យូទ័រទំនើប ៕ដោយ៖លី ភីលីព