បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងស្វះស្វែងបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START រយៈពេល៥ឆ្នាំទៀត ជាមួយប្រទេសរុស្ស៊ី នេះបើតាមសម្តីរបស់សេតវិមាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនេះជាការសម្រេចចិត្តមួយ ក្នុងចំណោមការសម្រេចចិត្តគោលនយោបាយបរទេស ដ៏ចម្បងដំបូងនៃរដ្ឋបាលថ្មី នៅមុនពេលសន្ធិសញ្ញានោះ ផុតកំណត់ក្នុងដើមខែកុម្ភៈ។
នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មានសេតវិមាន លោកស្រី Jen Psaki បាននិយាយថា “លោកប្រធានាធិបតី មានការប្រាកដចិត្តជាយូរមកហើយថា សន្ធិសញ្ញា New START គឺស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយការបន្តនេះ បង្កើតនូវអត្ថន័យថែមទៀត នៅពេលដែលចំណងមិត្តភាពជាមួយរុស្ស៊ី មានស្ថានភាពមិនស្រួលដូចក្នុងពេលបច្ចុប្បន្ននេះ”។
គួរបញ្ជាក់ថា សន្ធិសញ្ញាគ្រប់គ្រងអាវុធ ដែលនឹងដល់ពេលផុតកំណត់នៅថ្ងៃទី០៥ ខែកុម្ភៈខាងមុខនេះនោះ បានដាក់កម្រិតសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី ឲ្យដាក់ពង្រាយប្រើប្រាស់នូវក្បាលគ្រាប់ នុយក្លេអ៊ែយុទ្ធសាស្ត្រមិនលើសពីចំនួន១.៥៥០គ្រាប់នោះទេ៕
ប្រែសម្រួល៖ប៉ាង កុង