ជីណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា ក្រុមកម្មកររ៉ែមាសចំនួន១១នាក់ ត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានជាប់នៅក្នុងអណ្តូងរ៉ែអស់រយៈពេល០២សប្តាហ៍កន្លងមកនេះ ដោយសារមានករណីផ្ទុះនៅក្នុងអណ្តូងរ៉ែមាសមួយកន្លែង ស្ថិតនៅខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន ។
ក្រុមអ្នកជួយសង្គ្រោះបានទាយយកកម្មករចំនួន០២នាក់ នៅវេលាម៉ោង៣និង១៨នាទីល្ងាច ដែលនាំឲ្យចំនួនអ្នកត្រូវបានជួយសង្គ្រោះមានចំនួន១១នាក់ ។ អ្នកដែលនៅលើដី បាននាំគ្នាស្រែកស្វាគមន៍ដល់អ្នកដែលនៅក្នុងអណ្តូងរ៉ែទាំងនោះ ។
គួរបញ្ជាក់ថា អ្នកដែលត្រូវបានជួយសង្គ្រោះលើកដំបូងគេនោះ គឺបានដកចេញពីអណ្តូងរ៉ែនៅវេលាម៉ោង១១និង១៣នាទីព្រឹក កាលពីថ្ងៃអាទិត្យ ។ ក្រុមកម្មករទាំងនោះបាននិយាយថា មានអារម្មណ៍ថា អស់កម្លាំងជាខ្លាំង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ៕