សេអ៊ូល ៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានពង្រីកអង្គភាពមីស៊ីលផ្លោង និងពង្រឹងកម្លាំងពិសេស ជាមួយនឹងឧបករណ៍ទំនើបៗ និងសមយុទ្ធវាយប្រហារគោលដៅ ដូចជាការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូងជាដើម ។
ការផ្លាស់ប្តូរទាំងនេះ នៅក្នុងយោធាកូរ៉េខាងជើង ស្ថិតក្នុងចំណោមចំណុចសំខាន់ៗ នៃការបោះពុម្ពផ្សាយឆ្នាំ២០២០ របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលក្រសួងការពារជាតិ បានដាក់បង្ហាញតាមអ៊ិនធឺណិត និងក្រៅប្រព័ន្ធនៅថ្ងៃអង្គារនេះ ស្ដីពីការពង្រឹងសមត្ថភាព វាយប្រហារមហាប្រល័យ របស់កូរ៉េខាងជើង។
យោងតាមឯកសារនេះ ប្រទេសកូរ៉េខាងជើងឥឡូវនេះ មានកងពលតូចមីស៊ីលចំនួន ១៣ ក្រោម បញ្ជាការកម្លាំងយុទ្ធសាស្ត្ររបស់ខ្លួន ដោយចំនួននេះកើនឡើងពីចំនួន ៩ ក្នុងឆ្នាំ២០១៨ ។
អង្គភាពទាំងនេះ ត្រូវបានគេជឿជាក់ថា នឹងធ្វើប្រតិបត្តិការមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលមានគោលដៅវាយប្រហារ គោលដៅរបស់កូរ៉េខាងត្បូង គឺកាំជ្រួច Rodong មានចម្ងាយប្រមាណ ១៣០០ គីឡូម៉ែត្រ និងមីស៊ីល រយៈចម្ងាយមធ្យម Musudan ដែលមានចម្ងាយជាង ៣០០០ គីឡូម៉ែត្រ ដែលដាក់មូលដ្ឋាន យោធាយុទ្ធសាស្ត្រអាមេរិក នៅកោះហ្គាម នៅក្នុងជួរវាយប្រហាររបស់ខ្លួន ។
ការកើនឡើងនៃចំនួនទាំងនោះ គឺស្របនឹងការផ្លាស់ប្តូរថ្មី របស់ប្រទេសកុម្មុយនិស្តមួយនេះ ដើម្បីពង្រឹងមីស៊ីល និងអាវុធធម្មតាដទៃទៀត ចំពេលមានកិច្ចចរចាការរំសាយ អាវុធនុយក្លេអ៊ែរ ដែលបានជាប់គាំង ជាមួយសហរដ្ឋអាមេរិក និងទំនាក់ទំនងអន្តរកូរ៉េ ៕
ដោយ ឈូក បូរ៉ា
