ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យមានចំណងមិត្តភាព ប្រសើរឡើងជាមួយជប៉ុន

បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ធ្វើការជំរុញឲ្យមានភាពល្អប្រសើរឡើង នូវចំណងមិត្តភាព ជាមួយប្រទេសជប៉ុន ដោយលោកស្នើឲ្យមានសហប្រតិបត្តិការ កាន់តែជិត ស្និទ្ធ នៅក្នុងសុន្ទរកថាមួយ ដែលរំឭកពីការចាប់ផ្តើម នៃចលនាទាមទារឯករាជ្យ ប្រឆំាងអាណានិគមជប៉ុន កាលពីជាងមួយសតវត្សមុន ។

ដោយហៅការគ្រប់គ្រង លើប្រទេសកូរ៉េចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ របស់ជប៉ុន ថា ជាពេលវេលាអកុសលនោះ លោក មូន ជេអ៊ីន បានមានប្រសាសន៍ថា ប្រទេសជិតខាងនានា គួរតែបែកចែកបញ្ហាប្រវត្តិសាស្ត្រ ចេញពីចំណងមិត្តភាព អនាគតរបស់ខ្លួន ។

នៅក្នុងសុន្ទរកថាមួយ នៅកន្លែងប្រារព្ធពិធីលើឧទ្យាន Tapgol Park ទីក្រុងសេអ៊ូល សម្រាប់ចលនា ឯករាជ្យថ្ងៃទី០១ ខែមីនា លោកប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងយ៉ាងដូច្នេះថា “យើងមិនត្រូវអនុញ្ញាតឲ្យអតីតកាល ទាញយើងថយក្រោយទេ ។ យើងត្រូវតែផ្តោត ថាមពលឲ្យច្រើន លើការអភិវឌ្ឍន៍អនាគត ទន្ទឹមនឹងការដោះស្រាយបញ្ហា អតីតដោយឡែកពីគ្នា” ។

គួរបញ្ជាក់ថា ចំណងមិត្តភាព រវាងទីក្រុង សេអ៊ូលនិងទីក្រុងតូក្យូ មានភាពស្មុគស្មាញ ជាយូរមកហើយ ប៉ុន្តែប្រទេសជិតខាងគ្នា ទាំងពីរនេះ បានមើលឃើញចំណង មិត្តភាពការទូតដើរថយក្រោយ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញ បញ្ហាពាក់ព័ន្ធការបំពាន សម័យសង្គ្រាមពីប្រទេសជប៉ុន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top