ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង អាចប្រឈមមុខនឹងការចាប់ខ្លួន

xinhuaxinhua

សេអ៊ូល៖ ប្រធានស្ថាប័នស៊ើបអង្កេត អំពើពុករលួយរបស់ ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ការិយាល័យរបស់លោក នឹងស្វែងរកការឃុំខ្លួន ឬចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk Yeol ប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញ ខណៈដែលការស៊ើបអង្កេតបន្តចូលទៅ ក្នុងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី របស់លោកកាលពីសប្តាហ៍មុន ដែលបានបង្កឱ្យមានផ្ទុះកំហឹង នៅក្នុងប្រទេសមួយនេះ។

លោក Oh Dong Woon ដែលជាប្រធានការិយាល័យ ស៊ើបអង្កេតអំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់ ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap ថា “ប្រសិនបើស្ថានការណ៍អនុញ្ញាត យើងនឹងព្យាយាមចាប់ខ្លួនជាបន្ទាន់ ឬការចាប់ខ្លួនដោយផ្អែកលើដីការបស់តុលាការ” ។

ការកត់សម្គាល់នេះបានកើតឡើងខណៈប៉ូលិស បានព្យាយាមឆ្មក់ចូលការិយាល័យ ប្រធានាធិបតីក្នុងថ្ងៃតែមួយ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការបះបោរ ដែលបានចោទប្រកាន់លោក Yoon ប៉ុន្តែពួកគេបានឲ្យដឹងថា ការិយាល័យបានបដិសេធ ដោយលើកឡើងពីការសម្ងាត់ផ្លូវការនិងយោធា។

ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ក៏បានរាយការណ៍ផងដែរថា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Kim Yong Hyun ដែលត្រូវបានគេសង្ស័យថា បានឃុបឃិតជាមួយការ អំពាវនាវរបស់លោក Yoon នៃច្បាប់អាជ្ញាសឹក បានប៉ុនប៉ងធ្វើអត្តឃាត នៅឯមន្ទីរឃុំឃាំងក្នុងទីក្រុងសេអ៊ូល ប៉ុន្ដែមិនបានសម្រេច។

របាយការណ៍នេះបានឲ្យដឹង ដោយដកស្រង់សម្តីមន្ត្រីកែតម្រូវ ដែលនិយាយនៅក្នុងសវនាការសភាថា បន្ទាប់ពីការប៉ុនប៉ងនេះ លោក Kim ត្រូវបានឃុំខ្លួនក្នុងបន្ទប់ការពារ ហើយសុខភាពរបស់លោក នៅតែមានស្ថេរភាពដដែល។ ប្រភពបានឲ្យដឹងទៀតថា ប៉ូលីសបានឆ្មក់ចូលការិយាល័យ របស់ទីភ្នាក់ងារប៉ូលីសជាតិ ភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល និងឆ្មាំប៉ូលីសជាតិ បន្ទាប់ពីមានការចាប់ខ្លួនជាបន្ទាន់របស់ប្រធាន NPA លោក Cho Ji Ho និងប្រធានទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូលលោក Kim Bong Sik នៅព្រឹកព្រលឹមថ្ងៃពុធ ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top