សិង្ហបុរី ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការិយាល័យស៊ើបអង្កេតការ អនុវត្តអំពើពុករលួយ (CPIB) របស់ប្រទេសសិង្ហបុរី កំពុងស៊ើបអង្កេត បទល្មើសសក្តានុពលជាង ១៥០ករណី ដែលពាក់ព័ន្ធនឹងពាណិជ្ជករសិង្ហបុរី Ng Teck Lee បានជាប់ពាក់ព័ន្ធក្នុងសំណុំរឿង កិបកេងប្រាក់ចំនួន ៥១ លានដុល្លារ។
លោក Ng អាយុ ៥៨ ឆ្នាំ និងប្រពន្ធរបស់លោកឈ្មោះលោកស្រី Thor Chwee Hwa អាយុ ៥៥ ឆ្នាំ គឺជាជនសង្ស័យសំខាន់ក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធនឹង Citiraya Industries ជាក្រុមហ៊ុនទទួលបន្ទុកទទួលអេតចាយអេឡិចត្រូនិចពីអតិថិជន ហើយបញ្ជូនពួកគេទៅកម្ទេច និងកែច្នៃឡើងវិញ។ ពួកគេត្រូវបានចោទប្រកាន់នៅថ្ងៃទី៤ ខែធ្នូ ហើយបានបង្ហាញខ្លួននៅតុលាការ តាមរយៈវីដេអូភ្ជាប់កាលពីថ្ងៃពុធ។
នេះបើយោងតាមកាសែត The Straits Times បានដកស្រង់សម្តី CPIB បាននិយាយថា ប្តីប្រពន្ធដែលបច្ចុប្បន្នត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ Changi នឹងត្រូវឃុំខ្លួនរយៈពេលមួយសប្តាហ៍ទៀត ខណៈការស៊ើបអង្កេតនៅតែបន្ត។
ទីភ្នាក់ងារនេះកំពុងស៊ើបអង្កេតបទល្មើសដែលអាចកើតមានជាង ១៥០ ករណីពាក់ព័ន្ធនឹងលោក Ng ក៏ដូចជាបទល្មើសអាចពាក់ព័ន្ធនឹងលោកស្រី Thor ក្រោមច្បាប់ស្តីពីអំពើពុករលួយ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត (ការរឹបអូសអត្ថប្រយោជន៍) ។
នេះបើតាមការរាយការណ៍របស់ CNA ថា រវាងឆ្នាំ ២០០៣ និង២០០៤ លោក Ng ជានាយកប្រតិបត្តិរបស់ Citiraya ត្រូវបានចោទប្រកាន់ថា បានក្លែងបន្លំការដឹកជញ្ជូនចំនួន ៦២ ឬប្រហែល ៨៩ តោននៃសំណល់អេតចាយអេឡិចត្រូនិចដែលអតិថិជនបានផ្ញើទៅក្រុមហ៊ុនកែច្នៃឡើងវិញ ។
លោកត្រូវបានគេចោទប្រកាន់ថាបានលក់ផលិតផលអេតចាយទៅឲ្យក្រុមហ៊ុននៅតៃវ៉ាន់ និងហុងកុង ជាកន្លែងដែលពួកគេត្រូវបានវេចខ្ចប់ឡើងវិញ និងលក់ជាផលិតផលថ្មី ដោយទទួលបានប្រាក់ចំណូលចំនួន ៥១លានដុល្លារក្នុងរយៈពេលនេះ។
លោក Ng ក៏ត្រូវបានគេចោទថាបានសូកប៉ាន់ បុគ្គលមួយចំនួន ក្នុងនោះ ១២ នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ពី ៨ ខែដល់ ៨ ឆ្នាំសម្រាប់តួនាទីរបស់ពួកគេក្នុងគម្រោងនេះ៕
