ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មបុគ្គលរុស្ស៊ី ចំនួន ៤រូប ពីបទរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ

ព្រុចសែល ៖ កាលពីថ្ងៃអង្គារសហភាពអឺរ៉ុប (EU) បានដាក់ចេញវិធានការ រឹតត្បិតលើបុគ្គលរុស្ស៊ី ចំនួន ៤នាក់ ដែលទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

អ្នកចុះបញ្ជីទាំង ៤នាក់គឺលោក Alexander Bastrykin ប្រធានគណៈកម្មាធិការ ស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី លោក Igor Krasnov អគ្គព្រះរាជអាជ្ញា លោក Viktor Zolotov ប្រធានឆ្មាំការពារជាតិ និងលោក Alexander Kalashnikov ប្រធានសេវាពន្ធនាគារសហព័ន្ធ ។

ក្រុមប្រឹក្សាអឺរ៉ុបបានថា បុគ្គលទាំងបួននាក់ ត្រូវបានដាក់ទណ្ឌកម្ម ចំពោះតួនាទីរបស់ពួកគេ ក្នុងការចាប់ខ្លួន ការចោទប្រកាន់ និងការកាត់ទោសលោក Alexei Navalny ក៏ដូចជាការបង្ក្រាបការតវ៉ា ដោយសន្តិវិធីទាក់ទងនឹងការប្រព្រឹត្តខុសច្បាប់។

វិធានការណ៍រឹតត្បិត ដែលចូលជាធរមានកាលពីថ្ងៃអង្គារ រួមមានការហាមឃាត់ ការធ្វើដំណើរ និង ការបង្កកទ្រព្យសម្បត្តិ ។ លើសពីនេះទៀត មនុស្សនិងអង្គភាពនានា នៅក្នុងសហគមន៍អ៊ឺរ៉ុប ត្រូវបានហាមឃាត់ មិនឱ្យធ្វើឱ្យមានមូលនិធិ សម្រាប់អ្នកដែលបានចុះបញ្ជីដោយផ្ទាល់ ឬដោយប្រយោលនោះទេ។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក Josep Borrell អ្នកតំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានស្នើឱ្យប្រើប្រព័ន្ធដាក់ទណ្ឌកម្មសិទ្ធិមនុស្សថ្មី របស់ប្លុកនេះនៅក្នុងកិច្ចប្រជុំ របស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប កាលពីសប្តាហ៍មុន ។

នេះជាលើកទីមួយហើយ ដែលសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម ក្នុងក្របខ័ណ្ឌនៃបទបញ្ញត្តិ ស្តីពីការដាក់ទណ្ឌកម្មសិទ្ធិមនុស្សជាសកលរបស់សហភាពអឺរ៉ុប ចាប់តាំងពីត្រូវបានដាក់ឱ្យដំណើរ ការកាលពីខែធ្នូឆ្នាំមុន៕
ដោយ ឈូក បូរ៉ា

Most Popular

To Top