ព័ត៌មានអន្តរជាតិ

អាមេរិក អះអាងថា សកម្មភាពចិន បង្កការគំរាមកំហែង ដល់ស្ថេរភាពពិភពលោក

អាឡាស្កា៖ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងពិធីបើកកិច្ចប្រជុំរយៈពេល ២ ថ្ងៃជាមួយសមភាគីចិន នៅរដ្ឋអាឡាស្កាថា សកម្មភាពរបស់ចិន គំរាមកំហែង ដល់បទបញ្ជា ផ្អែកលើច្បាប់ ដែលរក្សាស្ថេរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរី Channel News Asia។

លោក Blinken បានឲ្យដឹង នៅឯកិច្ចប្រជុំកំពូល ជាមួយមន្ត្រីការទូតកំពូល របស់បក្សកុម្មុយនីស្តចិនលោក យ៉ាង ជីឈី ហើយបានលើកឡើងថា ភាគីអាមេរិក នឹង “ពិភាក្សាអំពីកង្វល់ដ៏ជ្រាលជ្រៅ របស់ខ្លួនជាមួយនឹងសកម្មភាពនានា របស់ចិន រួមទាំងបញ្ហាស៊ីនជាំង” ដែលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំង ពីបទប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិអ៊ីស្លាមអ៊ុយហ្គ័រ។

លោកបានបន្ថែមថា នឹងមានការសន្ទនាស្តីពី“ ហុងកុង តៃវ៉ាន់ ការវាយប្រហារតាមអ៊ីនធឺណិត លើសហរដ្ឋអាមេរិក ការបង្ខិតបង្ខំសេដ្ឋកិច្ចឆ្ពោះ ទៅសម្ព័ន្ធមិត្តរបស់អាមេរិក” ។

ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីលោក ចូ បៃដិន គឺលោក Jake Sullivan បានបន្ថែមថា សហរដ្ឋអាមេរិក មិនចង់បានជម្លោះជាមួយចិននោះទេ ប៉ុន្តែស្វាគមន៍ការប្រកួតប្រជែង ដ៏ស្វិតស្វាញជាមួយគូប្រជែង យុទ្ធសាស្ត្ររបស់ខ្លួន។

លោក Sullivan បានព្រមានថា “ហើយយើងនឹងក្រោកឈរជានិច្ច សម្រាប់គោលការណ៍របស់យើង សម្រាប់ប្រជាជនរបស់យើង និងសម្រាប់មិត្តភក្តិរបស់យើង” ។

លោកយ៉ាងបានឆ្លើយតប ជាមួយនឹងសុន្ទរកថារយៈពេល ១៥ នាទីជាភាសាចិន ខណៈដែលភាគីអាមេរិក រង់ចាំការបកប្រែដោយនិយាយ អំពីអ្វីដែលលោកបានលើកឡើងថា សហរដ្ឋអាមេរិក កំពុងតស៊ូបែបប្រជាធិបតេយ្យ និងការធ្វើបាបប្រជាជនភាគតិច។

លោកបានគំរាម “សកម្មភាពម៉ឺងម៉ាត់ ប្រឆាំងការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក និងបានអំពាវនាវឱ្យបញ្ចប់ចិត្តគំនិតសង្គ្រាមត្រជាក់ ដែលធ្វើឱ្យទំនាក់ទំនងរបស់គូប្រជែងមិនចុះសម្រុងគ្នា”។

ភាគីចិនបានឲ្យដឹងថា ចិន ប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែក របស់អាមេរិក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងបង្ហាញជំហររឹងមាំ ចំពោះការជ្រៀតជ្រែកបែបនេះ ហើយនឹងចាត់វិធានការម៉ឺងម៉ាត់ ជាការឆ្លើយតបទៅកាន់អាមេរិកវិញផងដែរ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top