ព័ត៌មានអន្តរជាតិ

របបយោធាមីយ៉ាន់ម៉ា ចោទប្រកាន់ក្រុមបាតុករ ខណៈអឺរ៉ុប និងអាមេរិក ដាក់ទណ្ឌកម្ម

រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ ក្រុមបាតុករប្រឆាំង នឹងរបបយោធា អំពីការដុតបំផ្លាញ និងអំពើហឹង្សានៅពេល ដែលបណ្តាប្រទេស លោកខាងលិច បានដាក់ទណ្ឌកម្ម បន្ថែមទៀតលើបុគ្គល និងក្រុមដែលជាប់ទាក់ទងនឹងរដ្ឋប្រហារ កាលពីខែមុន និងការបង្ក្រាបដ៏ឃោរឃៅ មួយប្រឆាំងក្រុមអ្នកតវ៉ា ។

អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បានលើកឡើងថា ក្រុមបាតុករ ១៦៤ នាក់ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សា និងបានសម្តែង ការសោកស្តាយ ចំពោះការស្លាប់នេះ។ លោកបានប្រាប់សន្និសីទសារព័ត៌មាន នៅរដ្ឋធានីណៃពិដោរ នៅថ្ងៃអង្គារនេះថា “ ពួកគេក៏ជាពលរដ្ឋ របស់យើងដែរ” ។

ជាមួយគ្នានេះដែរ ក្រុមសកម្មជនសមាគមជំនួយ សម្រាប់អ្នកទោស នយោបាយបានអះអាងថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៦១ នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបដ៏ឃោរឃៅ របស់កងកម្លាំងសន្តិសុខ ។

សាក្សី និងសេចក្តីរាយការណ៍បានឲ្យដឹងថាមនុស្ស ៣ នាក់ត្រូវបានសម្លាប់ នៅក្នុងទីក្រុងធំ ទី ២ របស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងភាពចលាចល កាលពីថ្ងៃច័ន្ទ រួមទាំងក្មេងប្រុសជំទង់ម្នាក់ ត្រូវបានបាញ់សម្លាប់។

ទីភ្នាក់ងារព័ត៌មាន Mizzima បានរាយការណ៍ថា កម្លាំងសន្តិសុខបានធ្វើការវាយឆ្មក់បន្ថែមទៀត នៅផ្នែកខ្លះ នៃទីក្រុងរ៉ង់ហ្គូន កាលពីយប់ថ្ងៃច័ន្ទ ដោយការបាញ់ប្រហារ និងមនុស្សមួយចំនួនរងរបួស ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top