ព័ត៌មានអន្តរជាតិ

ចិន រងការវាយប្រហារ ដោយព្យុះសមុទ្រ ខ្សាច់ពីរដង ក្នុងរយៈពេល ២សប្តាហ៍មកនេះ

ប៉េកាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ថា ភ្ញាក់ពីព្រលឹម ថ្ងៃអាទិត្យនេះ ទីក្រុងប៉េកាំង បានគ្របដណ្ដប់ ដោយធូលីក្រាស់ផ្ទុក នូវភាគល្អិតដែលបង្ក គ្រោះថ្នាក់ខ្លាំងបំផុត ខណៈដែលព្យុះខ្សាច់លើកទី២ បានបង្កឡើង នៅក្នុងរយៈពេល០២សប្តាហ៍កន្លងមកនេះ ដែលបានវាយប្រហារទីក្រុងនេះ ដោយសារតែមានខ្យល់ បោកបក់មក ពីប្រទេសម៉ុងហ្គោលី និងតំបន់ភាគពាយព្យ នៃប្រទេសចិន ។

ការមើល ឃើញ នៅក្នុងទីក្រុងត្រូវបានអន់ថយ ជាមួយនឹងកំពូល នៃអគារខ្ពស់មួយចំនួន ដែលបានបាំងដោយព្យុះខ្សាច់ ហើយអ្នកថ្មើរជើង ត្រូវបានបង្ខំឱ្យបិទបាំង ភ្នែករបស់ពួកគេ ខណៈពេលដែលធូលីបានបក់បោកតាមដងផ្លូវ ។

លោក Fan អាយុ៣៩ឆ្នាំ ដែលមិនចង់បង្ហាញឈ្មោះ ពេញរបស់គាត់បាននិយាយថា “ វាធ្ងន់ធ្ងរណាស់នៅថ្ងៃនេះ ។ វាតែងតែមានមួយថ្ងៃ ឬពីរថ្ងៃ (ការបំពុលឬធូលី) រៀងរាល់ខែ” ។

គេបានដឹងថា សន្ទស្សន៍គុណភាពខ្យល់ផ្លូវការ របស់ទីក្រុងប៉េកាំង បានឈានដល់កម្រិត អតិបរមា៥០០ កាលពីព្រឹកថ្ងៃអាទិត្យនេះ ដោយភាគល្អិតបានអណ្តែត ដែលគេស្គាល់ថា PM10 មានលើសពី២០០០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៅ តាមស្រុកមួយចំនួន ។

ភាគល្អិត PM2.5 តូចជាង៣០០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្ពស់ជាងស្តង់ដារ របស់ប្រទេសចិន ដែលមានត្រឹមតែ ៣៥មីក្រូក្រាមប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top