ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់សៀវភៅសិក្សារបស់ជប៉ុន ចំពោះការបង្ខូចទ្រង់ទ្រាយប្រវត្ដិសាស្រ្ត និងបញ្ជាក់ពីការលុកលុយ

សេអ៊ូល ៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យបានស្តីបន្ទោសប្រទេសជប៉ុន ចំពោះការអនុម័តសៀវភៅសិក្សាប្រវត្តិសាស្រ្ត ដែលបង្ខូចទ្រង់ទ្រាយប្រវត្តិសាស្ត្រ និងលើកតម្កើងអតីតអធិរាជទីក្រុងតូក្យូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

ទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េខាងជើង (KCNA) បានកត់សម្គាល់ថា សៀវភៅ សិក្សាទាំងនោះ បានបន្សល់ទុកនូវព័ត៌មានលំអិត នៃអំពើឃោរឃៅរបស់ជប៉ុន កំឡុងសម័យអាណានិគមរបស់ខ្លួន ខណៈដែលបន្តការទាមទារ ទឹកដីទៅកោះដុកដូ ដែលជាកោះតូចៗ នៅភាគខាងកើតរបស់កូរ៉េខាងត្បូង ។

KCNA បានឲ្យដឹងថា “ សៀវភៅសិក្សាកំណត់ការលុកលុយ របស់ជប៉ុន ជាជំហានឆ្ពោះទៅអារ្យធម៌ និងវិបុលភាព” ។ ប្រទេសជប៉ុនបានបង្កើត ការលុកលុយបរទេស ជាមូលដ្ឋាន នៃយុទ្ធសាស្ត្រយោធារបស់ខ្លួន ហើយនឹងធ្វើអ្វីដើម្បីសម្រេចគោលដៅរបស់ខ្លួន។

KCNA បានបន្ថែមទៀតថា ប្រទេសជប៉ុន ដោយបំបិទមាត់ប្រវត្តិសាស្ត្រ ដោយមិនចេះខ្មាសអៀន កំពុងព្យាយាមធ្វើឱ្យស្មារតីនិស្សិត យោធា មានភាពរឹងមាំ និងបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការសម្រេចក្តីសុបិន្ត ចាស់របស់ខ្លួន ក្នុងការកសាងប្លុកសេដ្ឋកិច្ច និងយោធា នៅអាស៊ីបូព៌ា។

KCNA ក៏បានព្រមានផងដែរថា ប្រទេសជប៉ុនអាច នឹងបញ្ឈប់សង្គ្រាមថ្មីមួយនៅអាស៊ី ខណៈដែលខ្លួននៅតែបន្តពង្រឹងវិស័យយោធា និងពង្រីកវត្តមានរបស់ខ្លួននៅបរទេស ។

គណៈកម្មាធិការត្រួតពិនិត្យ សៀវភៅសិក្សាក្រោមក្រសួងអប់រំ របស់ជប៉ុន បានអនុម័តសៀវភៅចំនួន ២៩៦ ក្បាល សម្រាប់សិស្សវិទ្យាល័យឆ្នាំទី១ កាលពីថ្ងៃអង្គារ ក្នុងនោះមាន ៣០ ប្រភេទសម្រាប់ មុខវិជ្ជាសិក្សាសង្គម ដូចជាប្រវត្តិសាស្ត្រនិងភូមិសាស្ត្រ ហើយសៀវភៅនឹងត្រូវប្រើចាប់ពីឆ្នាំក្រោយទៅ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top