ព័ត៌មានអន្តរជាតិ

កងទ័ពអាកាស អាមេរិក ចេញសេចក្តីថ្លែងការណ៍ បេសកកម្មថ្មី ផ្តោតលើអំណាច ដែនអាកាស

បរទេស ៖ នៅក្នុងសេចក្តីប្រកាស ព័ត៌មាន នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីថ្លែងការណ៍ អំពីបេសកកម្មថ្មីរបស់ខ្លួនថា “ត្រូវហោះហើរ ប្រយុទ្ធនិងឈ្នះនៅគ្រប់ពេល និងគ្រប់ទីកន្លែង” ។

យោងតាមកងកម្លាំងជើង អាកាសសហរដ្ឋអាមេរិក សេចក្តីថ្លែងការណ៍នោះ គឺមានន័យសង្កត់ធ្ងន់លើអត្ថប្រយោជន៍ចម្បង និងសមត្ថភាព ដែលអំណាចដែនអាកាសផ្តល់ ឲ្យដល់ប្រទេស និងប្រតិបត្តិការចម្រុះ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ អគ្គលេខាធិការ កងទ័ពជើងអាកាស លោកឧត្តមសេនីយ៍ Charles Q. Brown, Jr. បានមានប្រសាសន៍ថា “ស្របពេលដែលយើងបង្កើត សេចក្តីថ្លែងការណ៍បេសកកម្មថ្មីនេះ យើងបានប្រឹក្សាយោបល់ ជាមួយអាកាសយានិកមកពីគ្រប់ទិសទី ទាហានចុះបញ្ជី មន្ត្រី ទាហានបម្រុង ឆ្មាំការពាំរនិងជនស៊ីវិល” ។

គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់កងទ័ពជើង អាកាសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍នេះ ធ្វើការកត់សម្គាល់ថា ជាមួយការបង្កើតកងកម្លាំងអវកាស នៅចុងឆ្នាំ២០១៩ កងទ័ពជើងអាកាស ក្នុងពេលបច្ចុប្បន្ន អាចធ្វើការផ្តោតលើអំណាច ដែនអាកាស និងបេសកកម្មដែន អាកាសសំខាន់ៗ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top