ព័ត៌មានអន្តរជាតិ

Pfizer ស្នើឲ្យ FDA ពង្រីកការប្រើ ប្រាស់វ៉ាក់សាំងការពារ COVID-19 របស់ខ្លួនជាបន្ទាន់ ដើម្បីចាក់ជូនក្មេងអាយុពី១២ ទៅ ១៥ ឆ្នាំ

អាមេរិក៖ ក្រុមហ៊ុន Pfizer Inc បានស្នើសុំរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) ពង្រីកការប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងការពារមេរោគ COVID-19 របស់ខ្លួនដើម្បីចាក់ជូនដល់ជនជាតិអាមេរិក ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


នៅពេលវ៉ាក់សាំងនេះ ត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ ដោយរដ្ឋបាលចំណីអាហារ និងឪសថអាមេរិកនាខែធ្នូ ឆ្នាំ ២០២០ វាមានតែសម្រាប់អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ ប៉ុន្តែថ្មីៗនេះទិន្នន័យការសាកល្បង ព្យាបាលដំណាក់កាលទី ៣ បានបង្ហាញថា វ៉ាក់សាំងនេះមានសុវត្ថិភាព ១០០ ភាគរយ និងមានប្រសិទ្ធភាពចំពោះក្មេងជំទង់។

ប្រសិនបើត្រូវបានយល់ព្រម ដោយរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក ក្មេងអាយុពី១២ទៅ១៥ ឆ្នាំអាចត្រូវបាន ទទួលថ្នាំបង្ការប្រឆាំងនឹងមេរោគ ឆ្លងមុនពេលចាប់ផ្តើមនៃឆ្នាំសិក្សា២០២១ ។ សេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitterថា ក្រុមហ៊ុនផលិតថ្នាំមានមូលដ្ឋាន នៅទីក្រុងញូវយ៉កបាននិយាយថា ខ្លួនគ្រោងនឹងស្នើសុំសេចក្តីសម្រេចស្រដៀងគ្នា នៅក្នុងប្រទេសដទៃទៀតដែលកំពុង ប្រើប្រាស់វ៉ាក់សាំងនេះ។


ការសាកល្បងមានក្មេងជំទង់ប្រហែល ២២០០ នាក់ត្រូវបានចុះឈ្មោះ នៅសហរដ្ឋអាមេរិកបើប្រៀបធៀបទៅនឹង ៤០,០០០ សម្រាប់មានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ ពាក់កណ្តាលនៃក្រុមបានទទួលវ៉ាក់សាំង២ដង ក្នុងរយៈពេល៣សប្តាហ៍ ហើយពាក់កណ្តាលទៀតត្រូវបានចាក់ថ្នាំ placebo ចំនួន២ដង។

លើសពីនេះទៅទៀតផលប៉ះពាល់ គឺស្រដៀងនឹងអ្វីដែលត្រូវបានគេឃើញក្នុងការសាកល្បងធំក្នុងចំនោមក្មេងអាយុពី ១៦ ទៅ ២៥ ឆ្នាំរួមមានការឈឺចាប់នៅកន្លែងចាក់ថ្នាំ ហត់នឿយ គ្រុនក្តៅ និងឈឺក្បាល។នៅពេលនោះលោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បាននិយាយថា ក្តីសង្ឃឹមកំពុងចាប់ផ្តើមចាក់វ៉ាក់សាំងដល់ក្រុមអាយុនេះមុនពេលចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់៕

ដោយ៖លី ភីលីព

Most Popular

To Top