ព័ត៌មានអន្តរជាតិ

លោក Lloyd Austin ៖ ​អាមេរិកបន្ថែមកងទ័ព ៥០០នាក់ នៅអាល្លឺម៉ង់

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd Austin បានមានប្រសាសន៍ ក្នុងដំណើរកែបញ្ច្រាស់គោល នយោបាយពីអតីត ប្រធានាធិបតី ដូណាល់ ត្រាំ ថា មន្ទីរបញ្ចកោណ នឹងបញ្ជូនកងទ័ព បន្ថែមរាប់រយនាក់ ទៅកាន់ប្រទេសអាល្លឺម៉ង់ ធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពយោធាអាមេរិក ដើម្បីបង្កើនកម្លាំង ការពារសម្ពន្ធមិត្ត ។

ចំណាត់ការនេះ តាមសេចក្តីរាយការណ៍ នឹងបន្ថែមទ័ពអាមេរិក ប្រហែល៥០០នាក់ ក្នុងប្រទេសអាល្លឺម៉ង់ ទន្ទឹមនឹងការផ្លាស់ប្តូរអង្គភាព ខ្លះទៅកាន់ប្រទេសប៊ែលហ្ស៊ិក និងអ៊ីតាលី និងនាំអង្គភាពផ្សេងទៀតត្រឡប់មក សហរដ្ឋអាមេរិកវិញ ។

លោក Lloyd Austin បានថ្លែងប្រាប់ថា កងទ័ពបន្ថែម អាចនឹងទៅដល់ប្រទេស អាល្លឺម៉ង់ យ៉ាងយូរបំផុតនៅក្នុងរដូវស្លឹកឈើជ្រុះ ហើយលោកបានធ្វើ សេចក្តីប្រកាសបែបនេះ ក្រោយជួបជាមួយរដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោក Annegret Kramp-Karrenbauer ក្នុងអំឡុងធ្វើទស្សនកិច្ច ទីក្រុងប៊ែកឡាំង កាលពីថ្ងៃអង្គារ ។

តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “កងកម្លាំងទាំងនេះ នឹងពង្រឹងការទប់ស្កាត់ និងការពារនៅតំបន់អឺរ៉ុប ហើយពួកគេនឹងបង្កើនសមត្ថភាព ដែលមានស្រាប់ របស់យើង ទប់ស្កាត់ជម្លោះនិងប្រសិនបើចាំបាច់នោះ នឹងប្រយុទ្ធយកឈ្នះ”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top