ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ជំរុញសម្ពន្ធមិត្ត លោកខាងលិច ឲ្យដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ី

បរទេស ៖ ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានជំរុញសម្ពន្ធមិត្តលោកខាងលិច របស់ខ្លួនឲ្យបង្ហាញថា ពួកគេត្រៀមខ្លួន ធ្វើការពិន័យទីក្រុងមូស្គូ ដោយទណ្ឌកម្មថ្មី ដោយរួមទាំងការដកប្រទេសរុស្ស៊ី ចេញ ពីប្រព័ន្ធទូទាត់ប្រាក់ SWIFT ដើម្បីរារាំងវិមានក្រឹមឡាំង មិនឲ្យប្រើកងកម្លាំងយោធាបន្ថែម ប្រឆាំងអ៊ុយក្រែន ។

នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា ស្របពេលដែលទីក្រុងកៀវ គ្មានព័ត៌មានថ្មី បង្ហាញថា រុស្ស៊ីសម្រេចចិត្ត ធ្វើសកម្មភាពយោធាថ្មី ប្រឆាំងអ៊ុយក្រែននោះ វាសំខាន់ខ្លាំងណាស់ ដែលលោកខាងលិច ត្រូវធ្វើសកម្មភាពឥឡូវនេះ ដើម្បីទប់ស្កាត់មិនឲ្យរឿង បែបនោះកើតមានឡើង ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Euractivនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងតែព្យាយាមបង្កើន ប្រមូលការគាំទ្រអន្តរជាតិ ក្នុងជម្លោះ របស់ខ្លួន ជាមួយទីក្រុងមូស្គូ ជុំវិញការបង្កើន កម្លាំងយោធារុស្ស៊ី នៅតាមតំបន់ព្រំដែន ភាគខាងកើតរបស់ខ្លួន និងនៅក្នុងតំបន់គ្រីមា ។

លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ខ្ញុំគ្មានព័ត៌មាន ប្រាប់ថា ការសម្រេចចិត្តចាប់ផ្តើមធ្វើប្រតិបត្តិការ យោធាំប្រឆាំងអ៊ុយក្រែន ត្រូវបានធ្វើឡើងរួចរាល់ហើយនោះទេ ដូច្នេះក្នុងពេលបច្ចុប្បន្ននេះ វាអាចចូលនៅក្នុងទិសដៅណាមួយ ហើយនេះជាមូលហេតុ នៃប្រតិកម្មរបស់លោកខាងលិច ប្រតិកម្មរួមគ្នារបស់លោកខាងលិច នាពេលបច្ចុប្បន្ននេះ គឺមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់លោក ពូទីន មិនឲ្យធ្វើការសម្រេចចិត្តនោះ” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top