ព័ត៌មានអន្តរជាតិ

ប្តីប្រពន្ធឥណ្ឌាមួយគូ ជួលយន្តហោះមួយគ្រឿង ហោះទៅរៀបការ នៅកណ្តាលអាកាស ដើម្បីគេចពីការ រឹតបន្តឹងការពារកូវីដ

បរទេស ៖ តាមសេចក្តីរាយការណ៍ បានអោយដឹងថា ប្តីប្រពន្ធជនជាតិឥណ្ឌាមួយគូ បានជួលយន្តហោះ មួយគ្រឿង និងរៀបចំពិធីមង្គលការ ពាក់កណ្តាលអាកាស ជាមួយភ្ញៀវជាង ១៦០ នាក់ ចូលរួម ក្នុងគោលបំណង ដើម្បីគេចឱ្យផុតពីការ រឹតត្បិតការឆ្លងមេរោគ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា វីដេអូដែលត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញប្តីប្រពន្ធ និងភ្ញៀវរបស់ពួកគេ បានស្ថិតនៅលើ យន្តហោះជួល។

រដ្ឋ Tamil Nadu ជាទីដែលយន្តហោះនោះហោះឡើង ត្រូវបានគេនិយាយថា បានដាក់កម្រិតតឹងរ៉ឹងជាងមុន ដោយកំណត់ឱ្យ ពិធីមង្គលការ មានភ្ញៀវចូលរួមតែត្រឹមចំនួន ៥០ នាក់ ។ សេចក្តីរាយការណ៍និយាយថា អាជ្ញាធរអាកាសចរណ៍ របស់ឥណ្ឌាបានបើកការ ស៊ើបអង្កេត លើករណីនេះហើយ ។

មន្ត្រីមកពីអគ្គនាយកដ្ឋាន អាកាសចរណ៍ស៊ីវិល (DGCA) បានប្រាប់កាសែត Times of India ថា បុគ្គលិករបស់ SpiceJet ដែលជិះ នៅលើជើង ហោះហើរ ត្រូវបានគេដកចេញពីតួនាទី ។ អ្នកនាំពាក្យរបស់ SpiceJet បានប្រាប់កាសែត Indian Express ថាយន្ដហោះ Boeing 737 ត្រូវបានកក់ការធ្វើដំណើរពី Madurai ទៅ Bangalore ដោយភ្នាក់ងារទេសចរណ៍ សម្រាប់ដំណើរកម្សាន្តបន្ទាប់ពីរៀបការ។

អ្នកនាំពាក្យបាននិយាយថា អតិថិជនត្រូវបាន “ពន្យល់យ៉ាងច្បាស់ អំពីគោលការណ៍ណែនាំពាក់ព័ន្ធ នឹងជំងឺកូវីដ១៩ និងបានបដិសេធ គឺមិនអនុញ្ញាតិឱ្យធ្វើសកម្មភាព ណាមួយនៅលើយន្តហោះនោះទេ” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top