ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ហៅការដកការ រឹតបន្តឹងអាមេរិកលើមីស៊ីល កូរ៉េខាងត្បូង គឺជាទង្វើបង្កសត្រូវ

បរទេស ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានរិះគន់កិច្ចព្រមព្រៀងមួយធ្វើឡើង ដោយសហរដ្ឋអាមេរិក បញ្ចប់ការរឹតបន្តឹងជាច្រើនទសវត្ស លើការអភិវឌ្ឍមីស៊ីល របស់ប្រទេសកូរ៉េខាងត្បូង ដោយហៅវាថា ជាទង្វើបង្កសត្រូវនិងផ្តេសផ្តាស ព្រមទាំងព្រមានថា វានឹងបង្កឲ្យមានភាព តានតឹងខ្លាំងឡើងលើឧបទ្វីបកូរ៉េ ។

សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA បាននិយាយថា នេះមានន័យថាបើកភ្លើងខៀវ ឲ្យប្រទេសកូរ៉េខាងត្បូង អភិវឌ្ឍផលិត មីស៊ីល ដែលមានចម្ងាយវាយប្រហារ ដល់ផ្នែកទាំងអស់ របស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ និងប្រទេសជិតខាងនានា ។

គួរបញ្ជាក់ថា ការរឹតបន្តឹងលើមីស៊ីលកូរ៉េខាងត្បូង ដែលណែនាំឲ្យដាក់ជាដំបូង នៅក្នុងឆ្នាំ១៩៧៩នោះ ដើមឡើយ គឺបានកំណត់ឲ្យមីស៊ីល ដែលអភិវឌ្ឍផលិតដោយកូរ៉េខាងត្បូង មានចម្ងាយហោះហើរតែ១៨០គីឡូម៉ែត្រ និងផ្ទុកទម្ងន់បាន៥០០គីឡូក្រាម ហើយក្នុងពេលជាច្រើនឆ្នាំមកនេះ គោលការណ៍ណែនាំនោះត្រូវបានកែប្រែជាច្រើនដង រហូតឲ្យមានចម្ងាយហោះហើរបាន៨០០គីឡូម៉ែត្រ ។

ការដកការរឹតបន្តឹងទាំងអស់នេះ គឺត្រូវបានប្រកាសឡើងនៅថ្ងៃទី២១ ខែឧសភា នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើជំនួបកំពូលមួយជាមួយ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top