បរទេស ៖ ក្រុមហ៊ុនអាកាស ចរណ៍ អាមេរិក United Airlines នៅសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងធ្វើការបញ្ជាទិញ យន្តហោះចំនួន ដល់ទៅ២០០ គ្រឿង មានតម្លៃសរុប រាប់ពាន់លានដុល្លារ ពីក្រុមហ៊ុនផលិតយន្តហោះ Boeing និង Airbus ។
ប្រភពដដែលបានឲ្យដឹងទៀតថា យន្តហោះរបស់ Boeing ប្រភេទ 737 MAX 8 ចំនួនជាង១០០គ្រឿង ព្រមទាំងយន្តហោះ Airbus ប្រភេទ A321neo ជាច្រើនគ្រឿងទៀត គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀង មួយនេះ ទោះបីជាមិនទាន់មានព័ត៌មាន លំអិត នៅឡើយក្តី។
United Airline ត្រូវបានគេដឹងថា បានព្យាយាមនៅក្នុងកិច្ចការងារ ដើម្បីពង្រឹងកម្លាំងប្រតិបត្តិការរបស់ខ្លួន ត្រៀមខ្លួននៅពេលដែលវិស័យធ្វើដំណើរ តាមអាកាស របស់អាមេរិក នឹងត្រឡប់មក រកសភាព ធម្មតាវិញ នៅពេលខាងមុខពេលបញ្ចប់ ទៅនៃវិរុសរាតត្បាត កូវីដ។
គួរឲ្យដឹងដែរថា United Airlines កាលពីខែមិនាធ្លាប់បានធ្វើការបញ្ជា ទិញយន្តហោះ Boing 737 MAX 8 នេះចំនួន២៥គ្រឿង មកហើយ ដើម្បីជំនួសឲ្យយន្តហោះ ធ្វើដំណើរ របស់ខ្លួនដែលមានអាយុកាល ចំណាស់ជាច្រើន ទៀត ដែលកំពុង ត្រូវបារក្សាទុកចោល ចាប់តាំងតែពីការកកើតឡើង នៃវិរុសកូវីដ ៕
ប្រែសម្រួល៖ស៊ុនលី