ព័ត៌មានអន្តរជាតិ

អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធ ក្រោយការព្រមាន ពីកូរ៉េខាងជើង

បរទេស ៖ ប្រទេសកូរ៉េខាងត្បូង អាចនឹងកំពុងតែធ្វើការ ត្រៀមខ្លួន ស្របពេលដែលខ្លួនចាប់ផ្តើម សហសមយុទ្ធមួយ ជាមួយសហរដ្ឋអាមេរិក ក្រោយអ្នកនាង គីម យូជុង ប្អូនស្រីមេដឹកាំកូរ៉េខាងជើង បានហៅសហសមយុទ្ធ ថាជាការហាត់សមត្រៀម ជាមុនសម្រាប់សង្គ្រាម នុយក្លេអ៊ែ ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន UPI នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អគ្គសេនាធិការទីក្រុងសេអ៊ូល បាននិយាយឲ្យដឹងនៅថ្ងៃចន្ទថា សមយុទ្ធប្រចាំឆ្នាំនេះ នឹងត្រូវបានធ្វើឡើង សម្រាប់រយៈពេល៩ថ្ងៃ និងចប់នៅថ្ងៃទី២៦ ខែសីហា ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង News 1 បានរាយការណ៍ថា អាជ្ញាធរបាននិយាយថា សមយុទ្ធ នេះ Command Post ដែលផ្តោតលើការត្រៀមលក្ខណៈសម្រាប់សង្គ្រាមនេះ នឹងត្រូវធ្វើឡើងតែមួយបុគ្គលិកសំខាន់ៗប៉ុណ្ណោះ និងគ្មានការហ្វឹកហាត់លើទីលានទេ ដោយសារព្រួយបារម្ភពីជម្ងឺកូវីដ១៩។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទីក្រុងព្យុងយ៉ាង បានចាត់វិធានការផ្សេងៗ ដែលរួមទាំងការផ្តាច់ខ្សែ ទំនាក់ទំនងយោធាបន្ទាន់ ដែលទើបភ្ជាប់ឡើងវិញ គឺខ្សែទំនាក់ទំនងយោធាបន្ទាន់នោះ តាមសេចក្តីរាយការណ៍ គឺត្រូវបានភ្ជាប់បើកដំណើរការឡើងវិញ កាលពីក្នុងខែកក្កដា៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top