ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណអាមេរិក បញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ អាមេរិក ជួយជម្លៀសប្រជាជន ពីអាហ្វហ្គានីស្ថាន

បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជួយក្នុងដំណើរជម្លៀសបុគ្គលិកអាមេរិកនិងជនជាតិអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

យន្តហោះចំនួន៨គ្រឿង ដែល៤គ្រឿងមកពីក្រុមហ៊ុន United Airlines និង៣គ្រឿងទៀតមកពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក គឺក្រុមហ៊ុន Delta Air Lines ក្រុមហ៊ុន Atlas Air និងក្រុមហ៊ុន Omni Air ហើយពីរគ្រឿងមកពីក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines នោះ នឹងត្រូវប្រើប្រាស់។

ប៉ុន្តែនឹងមិនហោះហើរដោយត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុលនោះទេ ដោយជំនួសមកវិញ យន្តហោះទាំងនោះ នឹងត្រូវបានប្រើប្រាស់ សម្រាប់ការចល័តអ្នកដំណើរបន្ត ពីទីសុវត្ថិភាពបណ្ដោះអាសន្ន និងមូលដ្ឋានដំណាក់កាលបណ្ដោះអាសន្ន នេះបើយោងតាមមន្ទីរបញ្ចកោណ។

លេខាធិការព័ត៌មាន របស់មន្ទីរបញ្ចកោណ លោក John Kirby បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ ទាំងនោះ នឹងត្រូវផ្តល់សំណងឲ្យ ជាផ្នែកនៃការរៀបចំ ហើយមន្ទីរបញ្ចកោណ មើលមិនឃើញផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះការហោះហើរ ដឹកអ្នកដំណើរ ជាលទ្ធផលនៃបើកឲ្យយន្តហោះទាំងនោះដំណើរការនោះទេ៕

Most Popular

To Top