ព័ត៌មានអន្តរជាតិ

មហាអំណាចចិន-អាមេរិក ចោទប្រកាន់គ្នាទៅវិញទៅមក រឿងសម្លុតគំរាមកំហែងប្រទេស តំបន់អាស៊ីអាគ្នេយ៍

ហាណូយ ៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានចោទប្រកាន់ចិន ជាថ្មីម្តងទៀត ពីបទសម្លុតគំរាមកំហែងប្រទេស ជិតខាងអាស៊ី អាគ្នេយ៍របស់ខ្លួន ជាលើកទី ២ ក្នុងរយៈពេលពីរថ្ងៃដែលលោកស្រី បានវាយប្រហារទីក្រុង ប៉េកាំង អំឡុងដំណើរទស្សនកិច្ចថ្នាក់តំបន់ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមប្រមូលដៃគូក្នុងតំបន់ ដើម្បីទប់ទាល់កំណើនសេដ្ឋកិច្ច ឥទ្ធិពលយោធា របស់ចិន។

ក្រសួងការបរទេសចិន បានវាយប្រហារតបតវិញកាលពីថ្ងៃពុធ ហើយចោទអាមេរិកថា បានជ្រៀតជ្រែក ចូលកិច្ចការតំបន់ និងរំខានដល់សន្តិភាព។ នៅព្រឹកថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចោទប្រកាន់លោកស្រី ហារីស ថាកំពុងព្យាយាមជំរុញ ឱ្យមានការយោគយល់គ្នារវាងប្រទេសចិន និងប្រជាជាតិអាស៊ីអាគ្នេយ៍ ជាមួយនឹងការអត្ថាធិប្បាយនៅប្រទេសសិង្ហបុរីថា ទីក្រុងប៉េកាំង បានប្រើការ បង្ខិតបង្ខំ និងបំភិតបំភ័យ ដើម្បីគាំទ្រការទាមទារ សមុទ្រចិនខាងត្បូងដោយខុសច្បាប់។

ថ្លែងនៅទីក្រុងហាណូយ កាលពីថ្ងៃពុធលោកស្រី ហារីស បានលើកឡើងថា មានតម្រូវការ ដើម្បីដាក់សម្ពាធលើប្រទេសចិន ជុំវិញការទាមទារដែនសមុទ្រ របស់ខ្លួន និងបាន ផ្តល់ការគាំទ្រ ដល់ប្រទេសវៀតណាម នៅក្នុងវិស័យសំខាន់ៗ មួយចំនួន រួមទាំងការពង្រឹង សន្តិសុខដែនសមុទ្រ ដើម្បីទប់ទល់នឹង ការកើនឡើង នូវការអះអាងរបស់ទីក្រុង ប៉េកាំងនៅ សមុទ្រចិនខាងត្បូង ។

លោកស្រី ហារីស បានលើកឡើងអំឡុង កិច្ចប្រជុំជាមួយវៀតណាមថា“ យើងត្រូវរកវិធីដាក់សម្ពាធ បង្កើនសម្ពាធលើទីក្រុងប៉េកាំង ឱ្យគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ និងដើម្បីប្រឆាំងការសម្លុតគំរាមកំហែង និងការទាមទារដែនសមុទ្ររបស់ខ្លួន” ។

លោកស្រី ហារីស បានផ្តល់ឱ្យវៀតណាម នូវដំណើរទស្សនកិច្ចបន្ថែមទៀត ដោយនាវាចម្បាំងអាមេរិក និងនាវាផ្ទុកយន្តហោះ វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងជំនួយផ្សេងទៀតដើម្បីទប់ទល់នឹងជំងឺរាតត្បាត និងបានប្រកាសបើកដំណើរ ការកម្មវិធីជាច្រើន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមមន្រ្តីសេតវិមានម្នាក់ ដែលមិនបញ្ចេញឈ្មោះ ។

ដំណើរទស្សនកិច្ចរយៈពេល ៧ថ្ងៃ របស់លោកស្រី ហារីស ទៅកាន់ប្រទេសសិង្ហបុរី និងវៀតណាម គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តធំទូលាយរបស់អាមេរិក ដើម្បីទប់ទាល់នឹងការកើនឡើង នូវឥទ្ធិពលរបស់ចិន នៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា ទាំងប្រទេសចិន វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីននិ ងតៃវ៉ាន់ បានទាមទារយកផ្នែកខ្លះ នៃសមុទ្រចិនខាងត្បូង ដែលត្រូវបានឆ្លងកាត់ដោយ ផ្លូវដឹកជញ្ជូនដ៏សំខាន់ និងមានវាលឧស្ម័ន និងកន្លែងនេសាទសម្បូរបែប។

ប្រទេសចិន បានបង្កើតប៉ុស្តិ៍យោធា នៅលើកោះសិប្បនិម្មិត នៅសមុទ្រចិនខាងត្បូង និងប្រឆាំងនឹងនាវាចម្បាំងបរទេស ដែលធ្វើដំណើរឆ្លងកាត់អ្វី ដែលខ្លួនអះអាងថា ជាដែនអធិបតេយ្យរបស់ខ្លួន។

កន្លងមកកងទ័ពជើងទឹកអាមេរិក តែងតែធ្វើប្រតិបត្តិការ សេរីភាពនាវាចរណ៍ ឆ្លងកាត់ដែនទឹកមានជម្លោះ ដែលចិនជំទាស់ដោយលើកឡើងថា ពួកគេមិនជួយលើកកម្ពស់សន្តិភាព ឬស្ថិរភាព ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top