ព័ត៌មានអន្តរជាតិ

ចិន ចូលអាហ្វហ្គានីស្ថាន ដោយផ្ដល់ជំនួយសន្ធឹកសន្ធាប់ ក្រោយអាមេរិក ដកខ្លួនចេញ

ប៉េកាំង ៖ ប្រទេសចិន បានសម្រេចចិត្ត ផ្តល់ជាបន្ទាន់នូវទឹកប្រាក់ ចំនួន ២០០ លានយ័ន (៣០,៩៦ លានដុល្លារ) នូវគ្រាប់ធញ្ញជាតិការផ្គត់ផ្គង់រដូវរងា ថ្នាំបង្ការ និងថ្នាំដល់អាហ្វហ្គានីស្ថាន តាមតម្រូវការ របស់ប្រជាជនអាហ្វហ្គានីស្ថាន។

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានធ្វើសេចក្តីប្រកាសនេះ នៅថ្ងៃពុធនៅពេលចូលរួមកិច្ចប្រជុំ លើកដំបូងនៃរដ្ឋមន្រ្តីការបរទេស នៃប្រទេសជិតខាងអាហ្វហ្គានីស្ថាន នៅទីក្រុងប៉េកាំង តាមរយៈវីដេអូភ្ជាប់។

លោកវ៉ាង យី បានលើកឡើងថា ប្រទេសចិនបានសម្រេចចិត្តបរិច្ចាគ វ៉ាក់សាំងចំនួន ៣ លានដូស ដល់ប្រជាជនអាហ្វហ្គានីស្ថាន នៅក្នុងក្រុមទី១ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ប្រទេសចិនក៏បានត្រៀមខ្លួនផងដែរ ក្នុងការផ្តល់នូវសម្ភារៈប្រឆាំង នឹងការរីករាលដាល និងសង្គ្រោះបន្ទាន់បន្ថែមទៀត ដល់អាហ្វហ្គានីស្ថាន ក្រោមទុនបំរុងផ្គត់ផ្គង់គ្រាអាសន្ន នៃប្រទេសចិន និងបណ្ដាប្រទេសអាស៊ីខាងត្បូង ។

គួរបញ្ជាក់ថា អាមេរិក បានដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ដោយទុកឲ្យក្រុមតាលីបង់ ទទួលបានអំណាចពេញលេញ បង្កជាវិបត្ដិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយឃើញឱកាសល្អ ចិន បានចូលខ្លួនទៅលួងលោម អាហ្វហ្គានីស្ថាន ទាំងការទូត និងជំនួយជាបន្ដបន្ទាប់៕

ដោយ ឈូក បូរ៉ា

Most Popular

To Top